បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា ការប្រកាសរបស់ទីក្រុងវ៉ារស្សាវ៉ា (ប៉ូឡូញ) ថា ខ្លួនបានរៀបចំដើម្បីអញ្ជើញអង្គភាពយោធាអាល្លឺម៉ង់ បន្ថែមពីលើកងកម្លាំងណាតូដែលមានស្រាប់នៅក្នុងប្រទេសនេះ គឺបានបង្ហាញពីរបៀបវារៈប្រឆាំងរុស្ស៊ី និងបំណងចង់បង្កើនភាពតានតឹងនៅអឺរ៉ុប ហើយនឹងមិនឆ្លើយតបឡើយ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់លោកស្រី Maria Zakharova ធ្វើឡើងបន្ទាប់ពីអនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Andrzej Szejn បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងវ៉ារស្សាវ៉ា មានឆន្ទៈធ្វើជាម្ចាស់ផ្ទះទទួលកងទ័ពអាល្លឺម៉ង់នៅលើទឹកដីរបស់ខ្លួនជាលើកដំបូងចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក ដើម្បីពង្រឹងបន្ថែមទៀតនូវផ្នែកខាងកើតរបស់អង្គការណាតូ។ គេមិនច្បាស់ទេថាតើប្រទេសអាល្លឺម៉ង់មានផែនការពិតប្រាកដសម្រាប់ការដាក់ពង្រាយបែបនេះឬយ៉ាងណា នោះទេ។
ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ លោកស្រី Zakharova បានរំលឹកថា បច្ចុប្បន្ននេះមានទាហានអាមេរិកប្រហែល ១០.០០០ នាក់បានឈរជើងរួចហើយនៅក្នុងប្រទេសប៉ូឡូញ ក៏ដូចជាក្រុមយុទ្ធសាស្ត្រប្រយុទ្ធពហុជាតិសាសន៍ដែលរួមមានបុគ្គលិកយោធាមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស រូម៉ានី និងក្រូអាស៊ី។
អ្នកនាំពាក្យរូបនេះបានចង្អុលបង្ហាញថា ការអំពាវនាវឱ្យដាក់ពង្រាយកងកម្លាំងបរទេសកាន់តែច្រើនទៅកាន់ប្រទេសប៉ូឡូញគឺ “មិនចាំបាច់ទេ ប្រសិនបើប្រទេសទាំងនេះមានទិសដៅបង្កើតសន្តិភាព” ហើយគឺត្រឹមតែអាចបកស្រាយបានថាជាបំណងប្រាថ្នាចង់បង្កើនភាពតានតឹងបន្ថែមទៀតនៅក្នុងទ្វីបអឺរ៉ុប និងអូសបន្លាយការដួលរលំនៃសន្តិសុខអឺរ៉ុប ដែលលោកស្រីបាននិយាយថាត្រូវបានបំផ្លាញទាំងស្រុងដោយណាតូ៕ ប្រែសម្រួលៈ ណៃ តុលា