តូក្យូ៖ អ្នកការទូតជាន់ខ្ពស់មកពីប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បានអះអាងនូវកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដើម្បីដោះស្រាយការគំរាមកំហែងពីកូរ៉េខាងជើង បន្ទាប់ពីការបាញ់មីស៊ីលផ្លោងកម្រិតមធ្យមកម្រិតមធ្យមកាលពីចុងសប្តាហ៍មុន។
ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងសេអ៊ូល ក្រុមមន្ត្រីក៏បានចែករំលែក “ការព្រួយបារម្ភយ៉ាងខ្លាំង” របស់ពួកគេ ចំពោះការផ្ទេរអាវុធពីកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី នេះបើយោងតាមក្រសួងការបរទេសជប៉ុន ខណៈដែលទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ បង្កើនទំនាក់ទំនងយោធារបស់ពួកគេ ចំពេលមានសង្រ្គាមនៅអ៊ុយក្រែន។
កិច្ចពិភាក្សារវាងលោក Kim Gunn អ្នកតំណាងពិសេសរបស់កូរ៉េខាងត្បូង ទទួលបន្ទុកកិច្ចការសន្តិភាព និងសន្តិសុខឧបទ្វីបកូរ៉េ និងសមភាគីជប៉ុន និងសហរដ្ឋអាមេរិក គឺលោក Hiroyuki Namazu និង Jung Pak បានធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង បានបាញ់សាកល្បងដោយជោគជ័យនូវកាំជ្រួចដែលមានក្បាលគ្រាប់ដែលមានល្បឿនលឿនជាងសំឡេងកាលពីថ្ងៃអាទិត្យ។
កាលពីថ្ងៃច័ន្ទ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដែលនឹងកំណត់ប្រទេសកូរ៉េខាងត្បូងជា “សត្រូវចម្បង ដែលមិនអាចផ្លាស់ប្តូរបាន” នៅពេលដែលលោកបានថ្លែងនៅក្នុងសម័យប្រជុំនៃសភាប្រជាជនកំពូល ដែលជំរុញឱ្យមានភាពតានតឹងបន្ថែមទៀតនៅលើឧបទ្វីបកូរ៉េ។
លោក Pak បានឲ្យដឹងនៅដើមដំបូងនៃកិច្ចចរចាថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះ “ការកើនឡើងថ្មីៗនៃវោហាសាស្ត្រអរិភាព” របស់កូរ៉េខាងជើង ជាពិសេសចំពោះកូរ៉េខាងត្បូង។
លោកបន្ដថា “ការបង្កើនកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាការអភិវឌ្ឍន៍ដ៏សំខាន់ និងវិជ្ជមាននៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការដោះស្រាយបញ្ហាប្រឈមរបស់កូរ៉េខាងជើង” ៕
ប្រែសម្រួល ឈូក បូរ៉ា