ព័ត៌មានអន្តរជាតិ

ឥណ្ឌូណេស៊ី ​បញ្ជូន​កប៉ាល់​មន្ទីរពេទ្យ ​ទៅបំពេញ​បេសកកម្ម​ ជំនួយ​នៅតំបន់​ហ្គាហ្សា

ហ្សាកាតា៖ ប្រទេសឥណ្ឌូណេស៊ី នៅ​ថ្ងៃព្រហស្បតិ៍នេះ បានបញ្ជូនកប៉ាល់សម្រាប់ព្យាបាលអ្នកជំងឺ ឬហៅថាកប៉ាល់មន្ទីរពេទ្យ សម្រាប់បេសកកម្មមនុស្សធម៌ នៅតំបន់ហ្គាហ្សាស្ទ្រីប ជាកន្លែងដែលជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ដែលកំពុងបន្ត នៅក្នុងតំបន់បានធ្វើឱ្យមនុស្ស ស្លាប់ជាង ២៤,០០០នាក់ និងរបួសជាង ៦១,០០០ នាក់ចាប់តាំងពីការផ្ទុះឡើង​កាលពីខែតុលា ឆ្នាំមុន។

កប៉ាល់ដែលមាននាវិកជាង ២០០ នាក់នៅលើនោះកំពុងដឹកជំនួយមនុស្សធម៌ រួមទាំងថ្នាំពេទ្យ ភួយ សំលៀកបំពាក់ ទឹកដោះគោ នំប៊ីសស្ទីន ទឹកសារធាតុរ៉ែ និងមីកញ្ចប់ ទៅកាន់ទីក្រុង El Arish របស់ប្រទេសអេហ្ស៊ីប ដែលមានព្រំប្រទល់ជាប់ទីក្រុង Rafah ភាគខាងត្បូងហ្គាហ្សាស្ទ្រីប។

រដ្ឋាភិបាល​បាន​កំណត់​គោលដៅ​សម្រាប់​កប៉ាល់​នេះ​ត្រឡប់​ទៅ​ទីក្រុង​ហ្សាការតា​វិញ​ក្នុង​រយៈពេល ៥២ ថ្ងៃ​បន្ទាប់​ពី​ការ​ចាកចេញ​របស់​ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិហួ។

រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសនេះ លោក Prabowo Subianto បាននិយាយនៅក្នុងសន្ទរកថាមួយក្នុងអំឡុងពិធីបញ្ជូននាវានៅកំពង់ផែមួយថា “នេះគឺជាភស្តុតាងនៃការគាំទ្ររបស់យើង ចំពោះប៉ាឡេស្ទីនក្នុងការតស៊ូរបស់ពួកគេ ដើម្បីការពារខ្លួន យើងបន្តជួយនូវអ្វីដែលយើងអាចធ្វើបានសម្រាប់ពួកគេ”៕

ប្រែសម្រួល ឈូក បូរ៉ា

រូបភាព៖ AsiaToday

To Top