ដាវ៉ូស៖ នាយកគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២៣ គឺជាដំណឹងល្អ សម្រាប់ប្រទេសចិន និងលើសពីនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាចិនស៊ិនហួ។
លោកស្រី Kristalina Georgieva បានឲ្យដឹងថា “សេដ្ឋកិច្ចចិន បានបំពេញតាមគោលដៅជាតិ ដែលត្រូវបានកំណត់ប្រហែល ៥ភាគរយ ហើយពិតជាលើសពីវា។ នោះគឺជាដំណឹងល្អ សម្រាប់ប្រទេសចិន ហើយក៏ជាដំណឹងដ៏ល្អសម្រាប់អាស៊ី និងពិភពលោកផងដែរ ដោយសារតែប្រទេសចិនផ្តល់នូវកំណើនមួយភាគបីនៃពិភពលោក”។
ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន បានប្រកាសថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសបានកើនឡើង ៥,២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់កម្រិតខ្ពស់ថ្មីមួយគឺ ១២៦,០៦ ពាន់ពាន់លានយន់ (ប្រហែល ១៧,៧១ ពាន់ពាន់លានដុល្លារ) កាលពីឆ្នាំមុន។
លោកស្រី Georgieva បានកត់សម្គាល់ថារដ្ឋាភិបាលចិន កំពុងផ្តោតលើការផ្លាស់ប្តូរឆ្ពោះទៅរកកំណើន ដែលមានគុណភាពខ្ពស់ និងផ្លាស់ប្តូរគំរូកំណើនពីមួយតម្រង់ទិសជាចម្បងដោយការនាំចេញទៅជាគំរូ ដែលការប្រើប្រាស់ដើរតួនាទីកាន់តែធំ។
លោកស្រីបានបន្ដថា “យើង គឺជាដៃគូដ៏ល្អជាមួយប្រទេសចិន” ដោយលោកស្រីបានបន្ថែមថា ប្រទេសចិន មានសក្តានុពលដ៏អស្ចារ្យក្នុងការនាំមកនូវផលិតភាពកាន់តែច្រើន និងដើម្បីបង្កើតកម្លាំងពលកម្ម ដែលមានផលិតភាពកាន់តែច្រើន។
យោងតាមលោកស្រី “កំណែទម្រង់ ការបើកចំហ និងសមាហរណកម្មក្នុងសេដ្ឋកិច្ចពិភពលោក” គឺជាផ្លូវត្រឹមត្រូវសម្រាប់ប្រទេសចិនដើម្បីបន្ត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
IMF កាលពីខែវិច្ឆិកាឆ្នាំមុន បានដំឡើងការព្យាករណ៍របស់ខ្លួន សម្រាប់សេដ្ឋកិច្ចចិនសម្រាប់ឆ្នាំ២០២៣ ដល់ ៥,៤ភាគរយពី ៥ ភាគរយ និងសម្រាប់ឆ្នាំ២០២៤ ទៅ៤,៦ ភាគរយពី ៤,២ ភាគរយធៀបនឹងទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ដែលបានចេញផ្សាយនៅក្នុងខែតុលា៕
ប្រែសម្រួល ឈូក បូរ៉ា