បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីអាមេរិក និងជាបេក្ខជនជួរមុខនៃគណបក្សសាធារណរដ្ឋ ក្នុងការប្រជែងយកកៅអីជា ប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump បាននិយាយថា នៅពេលលោកជាប្រធានាធិបតីអាមេរិក លោកបានរក្សាទំនាក់ទំនងការងារដ៏ល្អ ជាមួយសហសេវិករុស្ស៊ីលោក Vladimir Putin ទោះបីជាមេដឹកនាំនៃប្រទេសមួយចំនួនទៀត ដែលទីក្រុងវ៉ាស៊ីនតោនមើលឃើញថា លោក Putin ជាសត្រូវក្តី។
លោក Trump ក៏បានទទូចដែរថា ជម្លោះអ៊ុយក្រែននឹងមិនកើតឡើងទេ បើលោកចូលកាន់តំណែងជំនួសលោក Joe Biden ហើយលោកមានឱកាសជាច្រើន ក្នុងការបញ្ចប់អរិភាពរវាងក្រុងគៀវ និងក្រុងមូស្គូក្នុងរយៈពេល ២៤ ម៉ោង ប៉ុណ្ណោះប្រសិនបើលោកក្លាយជា ប្រធានាធិបតីម្តងទៀត។
ភាពជាអ្នកដឹកនាំរបស់ប្រធានាធិបតី Biden ឬកង្វះខាតនោះ បានធ្វើឱ្យពិភពលោកទាំងមូល ធ្លាក់ចូលទៅក្នុងភាពរញ៉េរញ៉ៃ លោកបានសំដែងការសោកស្ដាយបែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយលោក Sean Hannity របស់ Fox News កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។
គួរឲ្យដឹងដែរថាក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ លោក Trump បានបន្តស្ថិតនៅក្នុងការតទល់ ជាមួយនឹងតុលាការជាច្រើន ដែលគាត់អាចប្រឈមមុខ ទៅនឹងបទឧក្រិដ្ឋសរុបចំនួន ៩១ប៉ុន្តែទោះបីជាមានបញ្ហាផ្លូវច្បាប់ក៏ដោយ ក៏លោកបានដំណើរការបានយ៉ាងល្អ នៅក្នុងការដឹកនាំការប្រណាំងសម្រាប់ ការតែងតាំងគណបក្សសាធារណរដ្ឋ៕
ប្រែសម្រួល៖ ស៊ុន លី