បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្លុកណាតូដែលដឹកនាំដោយ សហរដ្ឋអាមេរិកត្រូវតែរៀបចំ និងត្រៀមខ្លួនសម្រាប់ជម្លោះដ៏ធំមួយជាមួយរុស្ស៊ី ដែលនឹងតម្រូវឱ្យមានការកៀរគរ ជនស៊ីវិលយ៉ាងច្រើន ក៏ដូចជាការពង្រីកយ៉ាងឆាប់រហ័ស នៃទិន្នផលឧស្សាហកម្មដើម្បីទ្រទ្រង់ កិច្ចខិតខំប្រឹងប្រែងសង្រ្គាម។
ការលើកឡើងនេះត្រូវបាន ធ្វើឡើងដោយឧត្តមនាវីឯក Rob Bauer ដែលជាប្រធានគណៈកម្មាធិការយោធា របស់អង្គការណាតូហើយមន្ត្រីកំពូលនេះ បានធ្វើការកត់សម្គាល់បន្ទាប់ពី កិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍របស់ ប្រមុខការពារជាតិណាតូនៅទីក្រុងប្រ៊ូសែល ដោយអំពាវនាវឱ្យប្លុកនេះគួរត្រៀមខ្លួន សម្រាប់ជម្លោះដ៏ធំមួយជាមួយ ទីក្រុងម៉ូស្គូក្នុងរយៈពេល ២០ឆ្នាំខាងមុខ។
មន្ត្រីរូបនេះបានព្រមានថា ជម្លោះដែលអាចកើតមាននឹង តម្រូវឱ្យមានការខិតខំប្រឹងប្រែងផ្តោតអារម្មណ៍ មិនត្រឹមតែពីយោធារបស់ អង្គការណាតូប៉ុណ្ណោះទេ ប៉ុន្តែក៏មកពីឧស្សាហកម្ម និងជនស៊ីវិលនៃរដ្ឋជាសមាជិកផងដែរ។
សេចក្តីថ្លែងការណ៍របស់លោក Bauer កើតឡើងចំពេលមានការព្រមាន ជាបន្តបន្ទាប់ពីប្រទេសសមាជិកណាតូអំពី ជម្លោះដែលជិតមកដល់រវាងប្លុក ដែលដឹកនាំដោយសហរដ្ឋអាមេរិក និងរុស្ស៊ី៕
ប្រែសម្រួល៖ ស៊ុន លី