បរទេស៖ អគ្គីភ័យដ៏ធំមួយកំពុងឆេះ នៅឃ្លាំងស្តុកប្រេងក្នុងតំបន់ Bryansk ភាគខាងលិចនៃប្រទេសរុស្ស៊ី បន្ទាប់ពីការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនកាលពីថ្ងៃសុក្រ។ វាជាការវាយប្រហារ ចុងក្រោយបំផុតដែលបង្ហាញថា កងកម្លាំងអ៊ុយក្រែនកំពុងកំណត់គោលដៅ កាន់តែជ្រៅទៅក្នុងទឹកដីរុស្ស៊ីចាប់តាំងពី ការចាប់ផ្តើមសង្គ្រាមជិតពីរឆ្នាំមកនេះ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ឃ្លាំងស្តុកប្រេងចំនួន៤ ដែលមានសមត្ថភាពស្តុកប្រេងសរុប ៦.០០០ ម៉ែត្រគូប (១,៦ លានហ្គាឡុង) បានឆេះ ផ្សែងហុយខ្មួលខ្មាញ់នៅលើអាកាសក្នុងទីក្រុង Klintsy ដែលជាទីក្រុងដែលមានប្រជាជនប្រហែល ៧០.០០០ នាក់ ដែលស្ថិតនៅចម្ងាយប្រហែល ៦០ គីឡូម៉ែត្រ ពីព្រំដែនអ៊ុយក្រែន។ នេះបើយោងតាមលោក Alexander Bogomaz អភិបាលតំបន់ Bryansk ។
លោក Bogomaz បាននិយាយថា ដេប៉ូស្តុកប្រេងនោះបានឆាបឆេះ នៅពេលដែលបំណែកនៃ យន្តហោះគ្មានមនុស្សបើកដែលត្រូវបាន បាញ់ទម្លាក់ដោយយោធា បានធ្លាក់បុកអគារនោះ។
លោក Bogomaz បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា “យន្តហោះគ្មានមនុស្សបើកត្រូវបានទម្លាក់ដោយ ក្រសួងការពារជាតិដោយប្រើ មធ្យោបាយវិទ្យុអេឡិចត្រូនិក។ នៅពេលដែលគោលដៅអាកាសត្រូវបានបំផ្លាញ គ្រាប់បែករបស់យន្តហោះគ្មានមនុស្សបើកនោះ ត្រូវបានទម្លាក់នៅលើទឹកដីនៃឃ្លាំងប្រេង Klintsy” ។
លោកបាននិយាយថា អង្គភាពការពារដែនអាកាសបាន បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនពីរគ្រឿងទៀត កាលពីថ្ងៃសុក្រ លើផ្នែកផ្សេងទៀតនៃទីក្រុង Bryansk ដែលជាតំបន់ជាប់ព្រំដែនអ៊ុយក្រែន ៕
ប្រែសម្រួលៈ ណៃ តុលា