ព័ត៌មានអន្តរជាតិ

ម៉ិកស៊ិក អំពាវនាវ​ឲ្យ​មាន​សន្ដិភាព និងបទ​ឈប់​បាញ់​នៅ​តំបន់​ហ្គាហ្សា តាម​រយៈ​ការទូត

រូបភាព៖ Xinhua

ម៉ិកស៊ិកៈ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជំរុញឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីដោះស្រាយជម្លោះតាមរយៈមធ្យោបាយការទូត។

នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃរបស់លោក ប្រធានាធិបតីម៉ិកស៊ិក បានស្នើឱ្យអង្គការសហប្រជាជាតិប្រកាសបទឈប់បាញ់ និងបង្កើតរយៈពេលនៃបទឈប់បាញ់រវាងភាគីទាំងពីរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Lopez Obrador បានប្រាប់អ្នកយកព័ត៌មានថា “សូមឱ្យអ្នកការទូតមានឱកាស និងអនុញ្ញាតឱ្យមនុស្សគ្រប់គ្នា ដែលអាចជួយសម្រេចបានសន្តិភាពចូលរួម” ។

លោកបានលើកឡើងថា “វាមិនមែននិយាយអំពីការថ្កោលទោសនរណាម្នាក់នោះទេ ប៉ុន្តែជាការស្វែងរកមធ្យោបាយ ដើម្បីបញ្ឈប់សង្រ្គាមដ៏ឃោរឃៅ និងអមនុស្សធម៌នេះ។ នោះគឺជាអ្វីដែលម៉ិកស៊ិកស្នើ” ។

លោកបានបញ្ជាក់ថា ម៉ិកស៊ិកមិនគាំទ្រភាពមិនសមហេតុផលនៃសង្គ្រាម ជាពិសេសនៅពេលដែលប្រជាជនស្លូតត្រង់ បានបាត់បង់ជីវិតនៅក្នុងជម្លោះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top