បរទេស៖ បើតាមទីភ្នាក់ងារចិន ស៊ិនហួ បានរាយការណ៍នៅថ្ងៃសៅរ៍ថា មនុស្សចំនួន ១៣ នាក់បានស្លាប់ នៅក្នុងហេតុការណ៍ភ្លើងឆេះ អន្តេវាសិកដ្ឋាន នៅក្នុងខេត្ត Henan ភាគកណ្តាលប្រទេសចិន។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា អគ្គីភ័យកើតឡើងនៅសាលា Yingcai ក្នុងភូមិ Yanshanpu នៃខេត្ត Henan ត្រូវបានរាយការណ៍ទៅនាយកដ្ឋានពន្លត់អគ្គីភ័យក្នុងតំបន់នៅម៉ោង ១១ យប់។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានផ្សាយថា មនុស្ស១៣នាក់ត្រូវបានគេបញ្ជាក់ថាបានស្លាប់ ហើយមនុស្សម្នាក់បានរងរបួស។ “ក្រុមអ្នកជួយសង្គ្រោះបានមកដល់កន្លែងកើតហេតុយ៉ាងលឿន ហើយភ្លើងត្រូវបានពន្លត់នៅម៉ោង ១១ និង ៣៨នាទី យប់។
ស៊ិនហួ បានផ្សាយទៀតថា អ្នកនៅរស់រានមានជីវិតដែលរងរបួស “បច្ចុប្បន្នកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ ហើយស្ថិតក្នុងស្ថានភាពមានស្ថេរភាព” យ៉ាងណាក៏ដោយ ស៊ិនហួមិនបានផ្សាយថាតើអ្នកស្លាប់ជាកុមារ ឬ មនុស្សធំនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍មួយនៅក្នុងកាសែត Hebai Daily បាននិយាយថា គ្រូបង្រៀនម្នាក់បានបញ្ជាក់ថា ជនរងគ្រោះទាំងអស់គឺជាសិស្សមកពីថ្នាក់ទីបីដូចគ្នាដែលមានអាយុ ៩ឆ្នាំ ដល់ ១០ ឆ្នាំ៕
ប្រែសម្រួលៈ ណៃ តុលា