វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិក បានបន្តការវាយប្រហាររបស់ខ្លួន ប្រឆាំងនឹងគោលដៅក្រុម Houthi ក្នុងប្រទេសយេម៉ែន កាលពីថ្ងៃសុក្រ ដោយបានបំផ្លាញកាំជ្រួចមីស៊ីលចំនួន៣ ដែលយោធាអាមេរិក បានវាយតម្លៃថា បានត្រៀមរួចរាល់ក្នុងការវាយប្រហារ។
លោក John Kirby អ្នកសម្របសម្រួល សម្រាប់ការទំនាក់ទំនង ជាយុទ្ធសាស្ត្រ នៅក្រុមប្រឹក្សាសន្តិសុខជាតិ បានប្រាប់សេតវិមានក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ការវាយប្រហារដោយជោគជ័យកាលពីថ្ងៃសុក្រគឺជា “សកម្មភាពបង្ការទុកជាមុន” ទី៤ ដែលយោធាអាមេរិក បានធ្វើក្នុងសប្តាហ៍កន្លងមក ប្រឆាំងនឹងគោលដៅរបស់ក្រុម Houthi ។
លោកបានលើកឡើងថា ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) ត្រូវបានគេរំពឹងថានឹងបង្ហាញព័ត៌មានលម្អិតបន្ថែម អំពីការវាយប្រហារនៅពេលក្រោយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក បានកត់សម្គាល់ថាការវាយប្រហារទាំងនេះគឺជា “ការការពារខ្លួននៅក្នុងធម្មជាតិ ប៉ុន្តែវាក៏ជួយធ្វើឱ្យដែនទឹកអន្តរជាតិ មានសុវត្ថិភាពជាងមុន សម្រាប់នាវាកងទ័ពជើងទឹកទាំងពីរ ក៏ដូចជាការដឹកជញ្ជូនទំនិញផងដែរ” ។
ការវាយប្រហារកាលពីថ្ងៃសុក្រ បានកើតឡើងមួយថ្ងៃបន្ទាប់ពីយោធាអាមេរិក បានវាយប្រហារ និងបំផ្លាញនូវអ្វីដែលខ្លួនចាត់ទុកថា ជាកាំជ្រួចប្រឆាំងនាវាចំនួនពីរ ដែលត្រៀមរួចជាស្រេច ក្នុងការបាញ់បង្ហោះ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុម Houthi ក្នុងប្រទេសយេម៉ែន៕
ប្រែសម្រួល ឈូក បូរ៉ា