ព័ត៌មានអន្តរជាតិ

Update៖ សហរដ្ឋអាមេរិក បាញ់កម្ទេចមីស៊ីលប្រឆាំង នាវារបស់ក្រុមឧទ្ទាម ហួធី

Xinhua

វ៉ាស៊ីនតោន៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ថា កាលពីថ្ងៃសុក្រ កងកម្លាំងទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក បានធ្វើការបាញ់កម្ទេចមីស៊ីលប្រឆាំងនាវារបស់ក្រុមឧទ្ទាម ហួធី (Houthi)ចំនួន៣ គ្រាប់ ដែលសំដៅចូលទៅ ក្នុងសមុទ្រក្រហមភាគខាងត្បូង ហើយត្រូវបានគេរៀបចំដើម្បីបាញ់ឡើង ។ បើតាមសារព័ត៌មាន X ដែលពីមុនស្គាល់ថាបណ្តាញសង្គម Twitter បានផ្សាយឲ្យដឹងដូច្នេះ ។

បញ្ជាការកណ្តាលបានឲ្យ ដឹងនៅលើបណ្តាញ សង្គម X ថា “កងកម្លាំងសហរដ្ឋអាមេរិក បានកំណត់អត្តសញ្ញាណ មីស៊ីលនៅក្នុងតំបន់ ដែលគ្រប់គ្រងដោយក្រុម ហួធី នៃប្រទេសយ៉េមែន ហើយបានកំណត់ថា ពួកគេបានបង្ហាញពីការគំរាមកំហែងចំពោះនាវាធ្វើជំនួញ និងនាវាកងទ័ពជើងទឹក សហរដ្ឋអាមេរិកនៅក្នុងតំបន់ ។

ឧបទ្ទវហេតុដែលជាចុងក្រោយបំផុតនេះ បានកើតឡើងស្របពេល ដែលមានភាពតានតឹងកើនឡើង នៅសមុទ្រក្រហមដែលបានរំខាន ដល់ការធ្វើពាណិជ្ជកម្មពិភពលោក និងបង្កើនការភ័យខ្លាច នៃការស្ទះការផ្គត់ផ្គង់បានកើតឡើង ប្រហែលម៉ោង៦និង៤៥នាទីល្ងាច ម៉ោងនៅយ៉េមែន ត្រូវនឹងម៉ោងល១៥និង៤៥នាទីម៉ោងសកល ។ បញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិកបានឲ្យដឹងដូច្នេះ ។

គួរបញ្ជាក់ថា ការវាយប្រហារ ដោយកងជីវពល ហួធី ដែលមាន សម្ព័ន្ធមិត្តអ៊ីរ៉ង់នៅលើកប៉ាល់ក្នុង និងជុំវិញសមុទ្រក្រហម ក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ បានធ្វើឱ្យពាណិជ្ជកម្មរវាងអាស៊ី និង អឺរ៉ុបមានភាពយឺតយ៉ាវ និងធ្វើឱ្យប្រទេសមហាអំណាច ព្រួយបារម្ភនៅក្នុងការកើនឡើង នៃសង្គ្រាមនៅតំបន់ហ្គាហ្សា ផងដែរ ។

ចំណែកក្រុម ហួធី វិញ ដែលគ្រប់គ្រងតំបន់ ដែលមានប្រជាជនច្រើនជាងគេ ក្នុងប្រទេសយ៉េមែន បានអះអាងថា ការវាយប្រហាររបស់ពួកគេ គឺនៅក្នុងការសាមគ្គីភាពជាមួយនឹងប៉ាឡេស្ទីន ដែលស្ថិតនៅក្រោមការ វាយប្រហារពីអ៊ីស្រាអ៊ែល នៅក្នុងតំបន់ហ្គាហ្សា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top