បរទេស ៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារ ទៅលើអគារលំនៅដ្ឋានមួយ កន្លែងក្នុងរដ្ឋធានីស៊ីរី ហើយបានសម្លាប់មនុស្សជាច្រើននាក់។
ទីភ្នាក់ងារដដែលនេះ បានឲ្យដឹងទៀតថា៖ ការឈ្លានពានរបស់អ៊ីស្រាអែល បានកើតឡើងនៅក្នុងសង្កាត់ Mezzeh នៃភាគនិរតីនៃទីក្រុង Damascus កាលពីព្រឹកថ្ងៃសៅរ៍ ។
យោងតាម SANA មនុស្សជាច្រើនរួមទាំងទីប្រឹក្សាអ៊ីរ៉ង់មួយ ចំនួនបានស្លាប់នៅក្នុងការវាយឆ្មក់នេះហើយវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីការផ្ទុះដ៏ធំមួយ ហើយអគារមួយក្នុងរដ្ឋធានីត្រូវបានរងការ វាយប្រហារធ្ងន់ធ្ងរស្ទើរតែទាំងស្រុង។
គួរឲ្យដឹងដែរថាប្រភពសន្តិសុខ មួយបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ការវាយប្រហាររបស់អ៊ីស្រាអែល គឺសំដៅទៅលើសមាជិកនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ហើយមនុស្សជាច្រើននាក់បានស្លាប់ និងរងរបួសនៅក្រោយហេតុការណ៍នេះ៕
ប្រែសម្រួល៖ស៊ុនលី