តេហរ៉ង់៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ថា លោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់ បានថ្កោលទោសចំពោះ “ការធ្វើឃាតដោយកំសាកបំផុត” របស់អ៊ីស្រាអ៊ែ ទៅលើ “ទីប្រឹក្សាយោធា” អ៊ីរ៉ង់ចំនួន៥នាក់ នៅក្នុងទឹកដីនៃប្រទេសស៊ីរី កាលពីថ្ងៃសៅរ៍ ដោយប្តេជ្ញាថា អ៊ីរ៉ង់ នឹងឆ្លើយតបទៅនឹងការវាយប្រហារ “ភេរវករ” របស់អ៊ីស្រាអ៊ែល ។
លោក Raisi បានធ្វើការកត់សម្គាល់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័រ ការិយាល័យរបស់លោក ខណៈដែលបានចូលរួមរំលែកទុក្ខ ចំពោះការស្លាប់របស់សមាជិក ចំនួន៥នាក់ នៃកងឆ្មាំបដិវត្តន៍ ឥស្លាមអ៊ីរ៉ង់ ហៅកាត់ថា (IRGC) នៅក្នុងការវាយប្រហារតាមផ្លូវអាកាស របស់អ៊ីស្រាអ៊ែល កាលពីព្រឹកថ្ងៃសៅរ៍ នៅក្នុងសង្កាត់លំនៅដ្ឋានមួយ ក្នុងរដ្ឋធានី ដាម៉ាស់ ប្រទេសស៊ីរី ។
លោក Raisi បានថ្លែងយ៉ាងដូច្នេះថា ការសម្លាប់នេះគឺជា “សកម្មភាពភេរវករ” តាមរយៈ “ការរំលោភលើដែនអាកាសស៊ីរី”ដោយបន្ថែមទៀតថា ការវាយប្រហាររបស់អ៊ីស្រាអ៊ែល “នឹងមិននៅតែគ្មានចម្លើយដោយអ៊ីរ៉ង់” នោះទេ ។
គួររំលឹកថា កាលពីព្រឹកថ្ងៃសៅរ៍ ក្រុម IRGC បានឲ្យដឹងថា សមាជិកចំនួន៥នាក់របស់ខ្លួនដែលបម្រើការជាទីប្រឹក្សាយោធានៅក្នុងប្រទេសស៊ីរី ក៏ដូចជាកងកម្លាំងស៊ីរី និងជនស៊ីវិលជាច្រើននាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយមីស៊ីល របស់អ៊ីស្រាអ៊ែល នៅក្នុងសង្កាត់ Mazzeh នៃទីក្រុង ដាម៉ាស់ ។
ក្រុមខាងលើ បានកំណត់អត្តសញ្ញាណ ជនជាតិអ៊ីរ៉ង់ ដែលត្រូវបានសម្លាប់ដូចជា លោក Hojjatollah Omidvar, Ali Aqazadeh, Hossein Mohammadi, Saeid Karimi និង Mohammad-Amin Samadi ។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយកងទ័ពស៊ីរី បានឲ្យដឹងថា អ៊ីស្រាអ៊ែល បានធ្វើការវាយប្រហារតាមផផផ្លូវអាកាសចេញពីតំបន់ Golan Heights ដែលបានកាន់កាប់នៅវេលាម៉ោង១០និង២០នាទីព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៧និង២០នាទី ម៉ោងសកល កាលពីថ្ងៃសៅរ៍ ៕
ដោយ៖ ម៉ៅ បុប្ផាមករា