ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ រាយការណ៍ថា លោក ពូទីន មានបំណងទៅបំពេញទស្សន កិច្ច នៅ ក្នុងទឹកដីកូរ៉េខាងជើង

រូបភាពពី៖​ XINHUA

សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ថា ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ថា (KCNA) បានរាយការណ៍ឲ្យដឹងនៅថ្ងៃអាទិត្យនេះថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបង្ហាញអំពីឆន្ទៈរបស់លោកក្នុងការដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង ។

ការិយាល័យជំនួយរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងបានឲ្យដឹងថា តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Choe Son Hui បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសរុស្ស៊ី ចាប់ពីថ្ងៃចន្ទដល់ថ្ងៃពុធ និងបានជួបពិភាក្សាជាយុទ្ធសាស្ត្រជាមួយសមភាគីរុស្ស៊ី ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានបានដាក់ដូច្នេះ ។
គេបានដឹងថា ប្រទេសទាំង២មានការប្រាស្រ័យទាក់ទងគ្នាជាយុទ្ធសាស្ត្រយ៉ាងស៊ីជម្រៅ និងឈានដល់ការឯកភាពគ្នាលើបញ្ហាតំបន់ និងអន្តរជាតិផ្សេងៗ រួមទាំងស្ថានការណ៍នៅឧបទ្វីបកូរ៉េ និងនៅអាស៊ីឦសាន ផងដែរ ។

ប្រទេសកូរ៉េខាងជើង និងរុស្ស៊ី បានបង្ហាញពីឆន្ទៈដ៏មុតមាំរបស់ពួកគេក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងយុទ្ធសាស្ត្រក្នុងការការពារផលប្រយោជន៍សំខានន់បំផុតរបស់ប្រទេសទាំង២ និងបង្កើតសណ្តាប់ធ្នាប់អន្តរជាតិពហុប៉ូលថ្មីមួយដោយផ្អែកលើឯករាជ្យភាព និងយុត្តិធម៌ ។

លោក ពូទីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអញ្ជើញរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មកបំពេញទស្សនកិច្ចនៅក្រុងព្យុងយ៉ាងក្នុងពេលវេលាដ៏ងាយស្រួលណាមួយ និងបានបង្ហាញពីឆន្ទៈរបស់លោកក្នុងការធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសនេះជាលើកដំបូង ។

សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានដាក់ថា លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ប្រទេសកូរ៉េខាងជើង កំពុងត្រូវបានពិភាក្សារវាងភាគីទាំង២ “តាមរយៈបណ្តាញការទូត” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top