ប៉េកាំង ៖ បន្ទាប់ពីការបោះឆ្នោតពីរនៅក្នុងតំបន់តៃវ៉ាន់ក្នុងឆ្នាំ២០២៤ ប្រទេស និងអង្គការជាច្រើនទៀត បានអះអាងឡើងវិញ នូវការប្តេជ្ញាចិត្ត ចំពោះគោលការណ៍ចិនតែមួយ ដោយបង្ហាញការគាំទ្រ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសចិន ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ។
លោក Lalu Muhamad Iqbal អ្នកនាំពាក្យក្រសួងការបរទេស នៃសាធារណរដ្ឋឥណ្ឌូណេស៊ីបានឲ្យដឹងថា ឥណ្ឌូណេស៊ី គោរពគោលនយោបាយចិនតែមួយ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ប្រធានាធិបតីសិង្ហបុរី លោក Tharman Shanmugaratnam បានឲ្យដឹងថា ប្រទេសរបស់លោកប្រកាន់ខ្ជាប់ នូវគោលការណ៍ចិនតែមួយ និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះរាល់ការកត់សម្គាល់ ឬសកម្មភាពសម្រាប់ “ឯករាជ្យភាពតៃវ៉ាន់”។
រដ្ឋាភិបាលបណ្តោះអាសន្ន អាហ្វហ្គានីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនប្តេជ្ញាចំពោះគោលការណ៍ចិនតែមួយ ហើយចាត់ទុកការជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់ចិនជាការបង្កហេតុ និងធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
ទាំងប្រធានាធិបតី អាល់ហ្សេរី Abdelmadjid Tebboune និងនាយករដ្ឋមន្ត្រី Nadir Larbaoui បានឲ្យដឹងថា សំណួរតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុង របស់ចិនសុទ្ធសាធ ហើយអាល់ហ្សេរី តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ។ ដោយសង្កត់ធ្ងន់ថា តៃវ៉ាន់ គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បាន នៃទឹកដីរបស់ប្រទេសចិន មេដឹកនាំអាល់ហ្សេរី ក៏បានសម្តែងការគាំទ្រ សម្រាប់ប្រទេសចិន ក្នុងការសម្រេចបាន នូវការបង្រួបបង្រួមជាតិ ខណៈពេលដែលបដិសេធ រាល់ទម្រង់នៃ “ឯករាជ្យភាពតៃវ៉ាន់” ។
ក្រសួងការបរទេសស៊ូដង់ ក្នុងសេចក្តីថ្លែងការណ៍មួយ បានបញ្ជាក់ជាថ្មីនូវការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ហើយបានសង្កត់ធ្ងន់ថា តៃវ៉ាន់គឺជាផ្នែកសំខាន់មួយនៃទឹកដីចិន។ ស៊ូដង់ គាំទ្រសាធារណរដ្ឋប្រជាមានិតចិន ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា