ព័ត៌មានអន្តរជាតិ

វៀតណាម នឹង​បាញ់​បង្ហោះ​ផ្កាយរណប​អាកាសធាតុ​ផ្ទាល់​ខ្លួន​លើកដំបូង នៅ​ឆ្នាំ​ក្រោយ

រូបភាពពី៖​ VN Express

ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ ដោយដកស្រង់សម្តីរបស់មជ្ឈមណ្ឌលអវកាសជាតិវៀតណាមថា វៀតណាមនឹងបាញ់បង្ហោះផ្កាយរណបអាកាសធាតុជាផលិតផលក្នុងស្រុកជាលើកដំបូងរបស់ខ្លួននៅដើមឆ្នាំក្រោយ ដើម្បីផ្តល់ការព្រមានជាមុនប្រឆាំងនឹងគ្រោះមហន្តរាយធម្មជាតិ។

កាសែត VnExpress បានដកស្រង់សម្តីលោក Le Xuan Huy អគ្គនាយករងនៃមជ្ឈមណ្ឌលនេះថា ផ្កាយរណប LOTUSat-1 កំពុងត្រូវបានសាងសង់ដោយមានជំនួយពីវិស្វករជប៉ុន ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៥ ។

ផ្កាយរណបនឹងប្រើឧបករណ៍ចាប់សញ្ញាជាមួយរលកវិទ្យុ ដើម្បីសង្កេតមើលផែនដី ហើយដូច្នេះដំណើរការដោយឯករាជ្យពីប្រភពពន្លឺ។ លោកបានឲ្យដឹងថា ផ្កាយរណបរ៉ាដាអាចថតរូបភាពបានគ្រប់លក្ខខណ្ឌអាកាសធាតុ ពពក អ័ព្ទ ឬពន្លឺតិច។

ផ្កាយរណបនេះនឹងមានទម្ងន់ ៦០០គីឡូក្រាម និងមានគុណភាពបង្ហាញរូបភាព ១ ម៉ែត្រ។ លោកបានបន្ថែមថា វានឹងប្រមូលព័ត៌មានអំពីព្យុះ និងបាតុភូតផ្សេងៗ ដែលប៉ះពាល់ដល់ប្រទេសវៀតណាមជារៀងរាល់ឆ្នាំ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top