បរទេស៖ មនុស្សជិត ៥.០០០ នាក់បានស្លាប់ នៅក្នុងចក្រភពអង់គ្លេស កាលពីរដូវរងាឆ្នាំមុន ដោយសារតែការរស់នៅក្នុងផ្ទះត្រជាក់ និងសើម ដោយសារពួកគេ មិនអាចមានលទ្ធភាព ទិញថាមពលកំដៅ ដែលមានតម្លៃកើនឡើង, នេះបើយោងតាមរបាយការណ៍ចុងក្រោយ ពីសម្ព័ន្ធភាពក្រីក្រ បញ្ចប់ដោយឥន្ធនៈ បានអះអាងបែបនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា សម្ព័ន្ធក្រីក្របញ្ចប់ដោយឥន្ធនៈបានព្រមានថា ការកើនឡើងនៃការស្លាប់លើសនេះបានបញ្ជាក់ពីតម្រូវការក្នុងការធ្វើឱ្យប្រសើរឡើងនូវស្តុកលំនៅដ្ឋានរបស់ចក្រភពអង់គ្លេស និងអនុវត្តវិធានការដើម្បីកាត់បន្ថយវិក្កយបត្រថាមពលដែលមានតម្លៃថ្លៃ។
សម្ព័ន្ធភាពក្រីក្រ End Fuel ហេះ រួមមាន Greenpeace, WWF, Green Alliance, Save the Children និង Age UK ក្នុងចំណោមសម្ព័ន្ធដទៃទៀត។
ទន្ទឹមនឹងនេះ ការសិក្សាមួយរបស់យុទ្ធនាការ Warm This Winter បានកត់សម្គាល់ថា ការស្លាប់ក្នុងរដូវរងាកើនឡើងខ្លាំងនៅពេលដែលសីតុណ្ហភាពក្នុងចក្រភពអង់គ្លេសធ្លាក់ ចុះដល់ក្រោម ៤ អង្សាសេ។
យោងតាមលោក Simon Francis អ្នកសម្របសម្រួលនៃសម្ព័ន្ធភាពក្រីក្រ End Fuel បានឱ្យដឹងថា មនុស្សពេញវ័យចំនួន ៨លាន ៣សែននាក់នៅក្នុងចក្រភពអង់គ្លេសកំពុងរស់នៅក្នុងផ្ទះដែលមានឧបករណ៍ការពារកំដៅមិនល្អ, ត្រជាក់ និងសើម ហើយនៅពេលដែលសីតុណ្ហភាពធ្លាក់ចុះ ស្ថានភាពបានផ្លាស់ប្តូរពីភាពមិនស្រួលទៅជា “គ្រោះថ្នាក់ពិតប្រាកដ” ។
លោកបានប្រាប់ Euronews កាលពីថ្ងៃសុក្រថា «ខណៈគ្រួសារមានការតស៊ូជាមួយនឹងភាពត្រជាក់នេះ រដ្ឋមន្ត្រីជាច្រើននាក់របស់អង់គ្លេសកំពុងអង្គុយអោបដៃ ដោយមិនបានធ្វើអ្វីមួយ ហើយទុកបញ្ហានៃជីវិត និងការស្លាប់កើតឡើង។ ជំនួសឱ្យការចាត់វិធានការលើវិក្កយបត្រថាមពលឡើងថ្លៃនេះ ពួកគេបានអនុញ្ញាតឱ្យក្រុមហ៊ុនថាមពលចាប់ផ្តើមឡើងវិញដោយប្រើតុលាការដើម្បីបង្ខំគ្រួសារឱ្យបង់ប្រាក់ជាមុន ហើយឥឡូវនេះបានច្រានចោលការកែទម្រង់លើពន្ធថាមពលដើម្បីជួយអ្នកដែលត្រូវការបំផុត” ៕
ប្រែសម្រួលៈ ណៃ តុលា
រូបភាព៖ Xinhua