ព័ត៌មានអន្តរជាតិ

កងទ័ពអាមេរិក និង​អង់គ្លេស ប្រកាសពីការទម្លាក់គ្រាប់បែកថែមទៀត លើទីតាំងក្រុមឧទ្ទាមហួធី

RT News

បរទេស៖ ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បាននិយាយថា យន្តហោះទម្លាក់គ្រាប់បែកអាមេរិក បានវាយប្រហារទីតាំងរបស់ពួកឧទ្ទាម ហួធី ក្នុងប្រទេសយេម៉ែនម្តងទៀតកាលពីថ្ងៃចន្ទ។ នេះជាលើកទីពីរហើយ ដែលយន្តហោះទម្លាក់គ្រាប់បែករបស់អង់គ្លេស បានចូលរួមក្នុងប្រតិបត្តិការ ដែលឥឡូវនេះគេដាក់ឈ្មោះថា “Poseidon Archer” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា យន្តហោះចម្បាំង Royal Air Force (RAF) ដែលមានមូលដ្ឋាននៅប្រទេស Cyprus បានចូលរួមនៅក្នុងការវាយប្រហារកាលពីថ្ងៃទី ១១ ខែមករា ខណៈដែលសហរដ្ឋអាមេរិក បានប្រើប្រាស់មីស៊ីល Cruise និងយន្តហោះពីនាវាផ្ទុកយន្តហោះ USS Eisenhower ។ ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារចំនួន៦ លើកទៀតដោយខ្លួនឯង ដែបើតាមសេចក្តីរាយការណ៍ថា បានកំណត់គោលដៅលើទីតាំងមីស៊ីលរបស់ឧទ្ទាម ហួធី នៅពេលដែលពួកគេត្រៀមបាញ់។

CENTCOM បាននិយាយនៅលើ X (អតីត Twitter) ថា កងកម្លាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស “បានធ្វើការវាយប្រហារលើ គោលដៅក្រុមឧទ្ទាម ហួធី ចំនួន ៨” នៅក្នុងប្រទេសយេម៉ែន នៅមុនពាក់កណ្តាលអធ្រាត្រថ្ងៃច័ន្ទ។ “គោលដៅរួមមាន លើប្រព័ន្ធមីស៊ីល និងឧបករណ៍បាញ់បង្ហោះ , ប្រព័ន្ធការពារដែនអាកាស រ៉ាដា និងកន្លែងផ្ទុកអាវុធដែលកប់យ៉ាងជ្រៅក្នុងដី”។

យោងតាម CENTCOM ការវាយប្រហារត្រូវបានធ្វើឡើង “ជាមួយកងកម្លាំងប្រដាប់អាវុធចក្រភពអង់គ្លេស និងដោយមានការគាំទ្រពីប្រទេសអូស្ត្រាលី បារ៉ែន កាណាដា និងប្រទេស ហូឡង់។

ទោះបីជាប្រទេស ដែលមានឈ្មោះទាំងអស់ បានសន្យាថានឹងចូលរួមនៅក្នុង ‘Operation Prosperity Guardian’ ដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងគោលបំណងធានាសុវត្ថិភាព នៃការដឹកជញ្ជូនអន្តរជាតិក៏ដោយ ក៏យោធាអាមេរិកបានទទូចថា ការវាយប្រហារនេះគឺធ្វើឡើង “ដាច់ដោយឡែក និងខុសប្លែកពីសេរីភាព នៃការធ្វើនាវាចរណ៍ពហុជាតិ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top