ព័ត៌មានអន្តរជាតិ

វៀតណាម កាត់ទោសប្រហារជីវិតមនុស្ស ៩នាក់ និង២នាក់ទៀតជាប់គុកមួយជីវិត ដោយសារជួញដូរគ្រឿងញៀន១០៥គីឡូក្រាមពីឡាវ

VN Express

បរទេស៖ តុលាការខេត្ត ញ៉េអាន ប្រទេសវៀតណាម បានកាត់ទោសប្រហារជីវិតមនុស្ស ៩ នាក់ និងពីរនាក់ទៀត ឱ្យជាប់ពន្ធនាគារអស់មួយ ជីវិតកាលពីថ្ងៃចន្ទ ពីបទជួញដូរគ្រឿងញៀនពីប្រទេសឡាវ និងជួញដូរនៅក្នុងប្រទេសវៀតណាម។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ឈ្មោះ ត្រាន ធីម៉ៅ អាយុ ៥៦ឆ្នាំ ជាមេខ្លោង និងសមាជិកប្រាំបីនាក់ ដែលមានអាយុពី ៣៩ឆ្នាំ ដល់ ៥៩ ឆ្នាំ ត្រូវតុលាការកាត់ទោសប្រហារជីវិតពីបទជួញដូរគ្រឿងញៀន ១០៥ គីឡូក្រាម ក្នុងនោះ រួមមានថ្នាំញៀន ៩៣ គីឡូក្រាម ហេរ៉ូអ៊ីន ៨,៣ គីឡូក្រាម និងថ្នាំញៀន ៣,៨ គីឡូក្រាម។

ចំណែក សមាជិកពីរនាក់ដែលមានអាយុ ៥១ឆ្នាំ និង៣៧ ឆ្នាំត្រូវបានកាត់ទោសឱ្យជាប់គុកអស់មួយជីវិត។

លោក ម៉ៅ បានបង្កើតសង្វៀនថ្នាំញៀននៅឆ្នាំ ២០២១ ដើម្បីដឹកជញ្ជូនគ្រឿងញៀនពីឡាវចូលប្រទេសវៀតណាមតាមព្រំដែនខេត្ត ញ៉េអាន ។ ប៉ុន្តែឈ្មោះនេះ ត្រូវបានបង្រ្កាបនៅឆ្នាំដដែល ហើយឈ្មោះ ត្រាន ធីម៉ៅ និងសមាជិកទាំង១០ នាក់ត្រូវបានចាប់ខ្លួនម្តងមួយៗនៅចន្លោះចុងឆ្នាំ ២០២១ និងខែឧសភា ឆ្នាំ ២០២២។

សូមជម្រាបថា ប្រទេសវៀតណាមមានច្បាប់ប្រឆាំងគ្រឿងញៀនតឹងតែងបំផុតក្នុងពិភពលោក។ អ្នកដែលត្រូវបានផ្តន្ទាទោសពីបទកាន់កាប់ ឬរត់ពន្ធគ្រឿងញៀនប្រភេទ ហេរ៉ូអ៊ីន ឬកូកាអ៊ីន លើសពី ៦០០ ក្រាម ឬគ្រឿងញៀនប្រភេទ មេតំហ្វេតាមីនលើសពី ២,៥ គីឡូក្រាម ប្រឈមនឹងការកាត់ទោសប្រហារជីវិត៕
ប្រែសម្រួលៈ ណៃ តុលា

To Top