វ៉ាស៊ីនតោន៖ អតីតរដ្ឋមន្ត្រីការបរទេស អាមេរិក លោក Mike Pompeo បានឲ្យដឹងថា សហរដ្ឋអាមេរិក ទំនងជានឹងបន្តការគាំទ្រផ្នែកហិរញ្ញវត្ថុ និងយោធារបស់ខ្លួន សម្រាប់អ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹង ការឈ្លានពានរបស់រុស្ស៊ី ប្រសិនបើអតីតប្រធានាធិបតី គណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ វិលត្រឡប់មកកាន់ សេតវិមានវិញនោះ។
លោក Pompeo បានឲ្យដឹងនៅក្នុងសុន្ទរកថានៅទីក្រុងតូក្យូថាលោក “មិនដែលឃើញ” ទីក្រុងវ៉ាស៊ីនតោន “ដើរចេញ” ពីសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនក្នុងអំឡុងពេលប្រធានាធិបតីលោក ដូណាល់ ត្រាំ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ទោះបីជាមានទស្សនៈថា អតីតចៅហ្វាយរបស់លោក នឹងកាត់បន្ថយឬបញ្ឈប់ជំនួយ សម្រាប់ទីក្រុងគៀវ ប្រសិនបើលោកត្រលប់មកកាន់អំណាច បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីក្នុងខែវិច្ឆិកា។
ដោយទទួលស្គាល់ថា សមាជិកនៃគណបក្សសាធារណរដ្ឋមាន “ទស្សនៈនយោបាយខុសៗគ្នា” លោកបានលើកឡើងថា ពួកគេតែងតែយល់អំពីតួនាទី របស់សហរដ្ឋអាមេរិក នៅក្នុងពិភពលោក និងទំនួលខុសត្រូវរបស់ខ្លួន។
ការរំពឹងទុកកំពុងកើនឡើង ដែលប្រធានាធិបតីដែលកំពុងកាន់អំណាច របស់គណបក្សប្រជាធិបតេយ្យលោក ចូ បៃដិន និងលោក ត្រាំ នឹងត្រូវប្រឈមមុខនឹងការបោះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា ក្នុងការប្រកួតឡើងវិញនៃការប្រណាំងឆ្នាំ២០២០ ដោយអ្នកចុងក្រោយ បានគ្របដណ្ដប់លើការប្រជុំសភាសាធារណៈរដ្ឋ Iowa កាលពីសប្តាហ៍មុន សម្រាប់ការតែងតាំង ប្រធានាធិបតីរបស់គណបក្ស។
លោក Pompeo បានបម្រើការជារដ្ឋមន្ត្រី ការបរទេសសហរដ្ឋអាមេរិក អស់រយៈពេលជិត ៣ឆ្នាំចាប់ពីឆ្នាំ២០១៨ មកក្រោមការគ្រប់គ្រងរបស់លោក ត្រាំ ដែលបានអំពាវនាវឱ្យសម្ព័ន្ធមិត្ត សន្តិសុខទទួលយកបន្ទុកហិរញ្ញវត្ថុ បន្ថែមទៀត ក្នុងការគាំទ្រកងកម្លាំង សហរដ្ឋអាមេរិក ក្នុងអំឡុងពេលរបស់លោក ហើយថ្មីៗនេះបានឲ្យដឹងថា លោកនឹងដោះស្រាយ វិបត្ដសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន យ៉ាងឆាប់រហ័ស៕
ប្រែសម្រួល ឈូក បូរ៉ា