ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលចិនបានប្រកាសជាបន្តបន្ទាប់នូវ ទិន្នន័យនៃវិស័យនានាប្រចាំឆ្នាំ ២០២៣ ក្នុងនោះ ផលិតផលក្នុងស្រុកសរុប ( GDP ) ប្រចាំឆ្នាំ ២០២៣ បានកើនឡើង ៥,២% បើប្រៀបធៀបនឹងឆ្នាំ ២០២២ ។
បច្ចុប្បន្ន ពិភពលោកបាននិងកំពុងស្ថិតក្នុង បម្រែបម្រួលនិម្មានកម្មថ្មីដែលមិនធ្លាប់មាន ឯភាពរង្គោះរង្គើដែលបណ្តាលមកពី កត្តាផ្សេងៗនៅតែបន្តកើតឡើង ដែលធ្វើឱ្យប្រទេសនានាប្រឈមនឹង វិបត្តិសេដ្ឋកិច្ចទោះតិចឬច្រើនក្តី ។ ហេតុអ្វីបានជាប្រទេសចិនមានកំណើន GDP ល្អជាងការរំពឹងទុក ?
ជាបឋម ទីផ្សារប្រើប្រាស់របស់ចិននៅតែ មានសក្តានុពលដ៏ធំធេងដដែលបើទោះបី ប្រឈមនឹងវិបត្តិនៃការធ្លាក់ចុះ នៃសេដ្ឋកិច្ចសកលក្តី ។ ការប្រើប្រាស់មានសន្ទុះកើនឡើង ជាបន្តបន្ទាប់ក្រោយពីចេញពី វិបត្តិជំងឺរាតត្បាតសកល ពិសេសក្នុងកំលុងឆ្នាំ ២០២៣ ស្របនឹងការស្តារឡើងវិញ នៃវិស័យទេសចរណ៍ វិស័យឧស្សាហកម្មសេវាកម្មនានា ដូចជាមុខរបរសណ្ឋាគារនិងភោជនីយដ្ឋាន មុខរបរលក់ដុំនិងរាយ និងការដឹកជញ្ជូនជាដើមសុទ្ធតែ បានកើនឡើងជិតដល់កម្រិតដូចឆ្នាំ ២០១៩ ពោលគឺវិស័យឧស្សាហកម្មសេវាកម្ម ទាំងមូលបានកើនឡើង ៥.៨% បើប្រៀបធៀបនឹងឆ្នាំ ២០២២ ។
ចំណុចទីពីរគឺភាពបរិយាបន្នខ្ពស់នៃទីផ្សាររបស់ចិន ពោលគឺចិនបានប្រកាន់ខ្ជាប់ នូវសកលភាវូបនីយកម្មសេដ្ឋកិច្ច និងទីផ្សារសេរី គ្មានភាពរើសអើងចំពោះបុគ្គល ឬអង្គភាពណាឡើយ ឱ្យតែចង់អភិវឌ្ឍមុខរបរក្នុងទីផ្សារចិន និងប្រកបអាជីវកម្មដោយស្របច្បាប់ នោះប្រទេសចិននឹងផ្តល់នូវបរិយាកាសទីផ្សារ ដែលមានតម្លាភាព សេរីភាព ងាយស្រួល គោរពកម្មសិទ្ធិបញ្ញា និងការពារសកម្មភាពអាជីវកម្មតាមផ្លូវច្បាប់ ។ អាស្រ័យហេតុនេះ សហគ្រាសលំដាប់កំពូលលើពិភពលោក ជាច្រើនបានបន្តបណ្តាក់ទុនក្នុងទីផ្សារចិន ដែលជាការរួមចំណែក ចំពោះកំណើនសេដ្ឋកិច្ចចិនផង និងចែករំលែកនូវផលលាភពី កាលានុវត្តភាពអភិវឌ្ឍន៍របស់ចិនផង ។
ចំណុចទីបីគឺប្រទេសចិន ប្រកាន់ខ្ជាប់ពហុភាគីនិយម ពោលគឺធ្វើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយគ្រប់ប្រទេស ពិសេសជាមួយប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសមានការអភិវឌ្ឍន៍តិចតួច ។ ក្នុងឆ្នាំ ២០២៣ ការនាំចេញនាំចូលទំនិញរបស់ចិន មានស្ថិរភាពជាទូទៅ និងមានកំណើន ០,២% បើប្រៀបធៀបនឹងឆ្នាំ ២០២២ ។ ក្នុងនេះ ការនាំចេញនាំចូលរវាងប្រទេសចិន ជាមួយប្រទេសរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ» និងរដ្ឋជាសមាជិកនៃកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ( RCEP ) មានភាពរស់រវើកនិងមានកំណើនគួរឱ្យកត់សម្គាល់ ។
ចំណុចទីបួនគឺការអភិវឌ្ឍរវាង ទីក្រុងនិងជនបទរបស់ប្រទេសចិន កាន់តែមានតុល្យភាព ពោលគឺក្រោមការជំរុញនៃ គោលនយោបាយស្តារអភិវឌ្ឍន៍ជនបទ សន្ទុះកំណើននៃប្រាក់ចំណូលរបស់ ប្រជាពលរដ្ឋនៅទីជនបទលឿនជាងកំណើន នៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅទីក្រុង ។ គោលនយោបាយឧបត្ថម្ភធន របស់រដ្ឋាភិបាលចំពោះតំបន់ជនបទ បានជួយឱ្យរដ្ឋបាលមូលដ្ឋានពង្រឹងសមិទ្ធផល នៃការចេញផុតពីភាពក្រីក្រនិងបង្កើនប្រាក់ចំណូល របស់ប្រជាពលរដ្ឋនៅទីជនបទជាបណ្តើរៗ ដើម្បីឱ្យប្រជាជនទូទាំងប្រទេស សុទ្ធតែមានជីវភាពធូរធារបង្គួរ ។
ចំណុចទីប្រាំគឺទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាមេរិកទទួលបានការកែលម្អ ។ ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ប្រទេសទាំងពីរចិននិងអាមេរិក ជាអង្គភាពសេដ្ឋកិច្ចធំទាំងពីរលើពិភពលោក ដែលអាចនិយាយបានថា សេដ្ឋកិច្ចនៃប្រទេសទាំងពីរបានកំណត់ នូវជោគវាសនានៃសេដ្ឋកិច្ចពិភពលោក ។ បន្ទាប់ពីកិច្ចជំនួបរវាងលោក ស៊ី ជីនភីង ប្រធានរដ្ឋចិននិងលោក បៃដិន ប្រធានាធិបតីអាមេរិកនៅក្រុងសានហ្វ្រានស៊ីស្កូ ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរទទួលបានការកែលម្អខ្លះៗ ដែលបានរួមចំណែកដល់ស្ថិរភាព និងភាពប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងលើកកម្ពស់ជំនឿចិត្តនៃទីផ្សារអន្តរជាតិ ។
ជាការពិតណាស់ ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក មិនមែនជារឿងមួយថ្ងៃឬពីរថ្ងៃទេ វាជាដំណើរការរយៈពេលយូរ ។ យ៉ាងណាមិញ និន្នាការល្អប្រសើរនៃកំណើន GDP របស់ចិននៅឆ្នាំ ២០២៣ អាចនិយាយបានថា ជាការលើកទឹកចិត្តនិងផ្តល់ជំនឿចិត្តដល់ទីផ្សារអន្តរជាតិ ពោលគឺឱ្យតែយើងរួមសាមគ្គីគ្នា ធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ នឹងអាចពន្លឿនដំណើរការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ ហើយឆ្ពោះទៅរកវិបុលភាពនិងវឌ្ឍនភាពរួម នាពេលអនាគតជាក់ជាពុំខាន ៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន