យេរ៉ូសាឡឹម ៖ ស្ត្រីជនជាតិអ៊ីស្រាអែល រាប់ពាន់នាក់ បានដើរតាមដងផ្លូវទូទាំង ប្រទេសកាលពីថ្ងៃពុធ ដោយជំរុញឱ្យរដ្ឋាភិបាល របស់ពួកគេចុះហត្ថលេខា លើកិច្ចព្រមព្រៀងឈប់បាញ់សម្រាប់ការដោះលែងចំណាប់ខ្មាំង ដែលឃុំខ្លួននៅតំបន់ហ្គាហ្សា។
នៅទីក្រុង Tel Aviv ក្រុមបាតុករស្លៀកពាក់ពណ៌ស បានបិទជាបណ្ដោះអាសន្ននូវផ្លូវធំរបស់អ៊ីស្រាអែល គឺផ្លូវ Ayalon Highway។ ពួកគេកាន់សញ្ញាក្រហមសរសេរថា “ឈប់បង្ហូរឈាមទៅ!” និង “ដោះស្រាយឥឡូវនេះ!”។
អ្នករៀបចំបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបានរួបរួមគ្នា ដើម្បីបំបែកភាពស្ងៀមស្ងាត់ យើងដើរតាមផ្លូវ ដើម្បីជ្រើសរើសជីវិតមុនអ្វីៗផ្សេងទៀត” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ថ្មីៗនេះ អ៊ីស្រាអែល និងក្រុមហាម៉ាស បានបន្តការចរចា ដែលសម្របសម្រួល ដោយកាតារសម្រាប់កិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីបញ្ចប់សង្រ្គាមបង្ហូរឈាម ដែលបានចាប់ផ្តើម កាលពីថ្ងៃទី០៧ ខែតុលា។
ទោះជាយ៉ាងណាក៏ដោយ គម្លាតសំខាន់ៗ នៅតែមាន ហើយបច្ចុប្បន្នចំណាប់ខ្មាំងជាង ១០០នាក់ត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្គាហ្សា ដោយក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធផ្សេងទៀត ៕
ប្រែសម្រួល ឈូក បូរ៉ា