ព័ត៌មានអន្តរជាតិ

ចិន​ បញ្ជាក់ហេីយថា​ ខ្លួនមិនបានផ្គត់ផ្គង់អាវុធ​ ដល់តំបន់មានជម្លោះរវាងប៉ាឡេស្ទីន​ និងអ៊ីស្រាអែល នោះទេ

Xinhua

ប៉េកាំង៖​ អ្នកនាំពាក្យក្រសួងការពារជាតិចិនបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន​ មិនដែលផ្គត់ផ្គង់អាវុធ ឬឧបករណ៍ដល់តំបន់ជម្លោះចាប់តាំងពីការផ្ទុះឡើងនៃជម្លោះនាពេលថ្មីៗនេះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលនោះទេ។

លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន បានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ ទាក់ទងនឹងការអះអាងរបស់អ៊ីស្រាអែលថា ក្រុមហាម៉ាស​ ត្រូវបានគេរកឃើញថា​ ប្រើប្រាស់អាវុធដែលផលិតដោយចិន​ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ប្រទេសចិន​ តែងតែមានការប្រុងប្រយ័ត្ន និងទទួលខុសត្រូវចំពោះការនាំចេញរបស់របរយោធា។
ប្រទេសចិន​ បានប្តេជ្ញាចិត្តចំពោះគោលការណ៍បី​ សម្រាប់ការនាំចេញអាវុធ៖ វាគួរតែមានលក្ខណៈអំណោយផលដល់សមត្ថភាពការពារស្វ័យការពារស្របច្បាប់នៃប្រទេសអ្នកទទួល។

វាមិនគួរធ្វើឱ្យខូចដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនៃតំបន់ដែលពាក់ព័ន្ធ និងពិភពលោកទាំងមូល។ អ្នកនាំពាក្យរូបនេះបានបន្ដថា ហើយវាមិនគួរត្រូវបានប្រើប្រាស់​ ដើម្បីជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសអ្នកទទួលនោះទេ៕

ប្រែសម្រួល​ ឈូក​ ​បូរ៉ា

To Top