បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេស Sergey Lavrov បានលើកឡើងថា ប្រទេសស្វីសលែងជាប្រទេសអព្យាក្រឹត ហើយនិងថែមទាំងបានបន្តយុទ្ធសាស្ត្រសន្តិសុខជាតិប្រឆាំងរុស្ស៊ីដោយបើកចំហទៀតផង។
អ្នកការទូតកំពូលរបស់ទីក្រុងមូស្គូរូបនេះបានថ្លែងបែបនេះក្នុងពេលដែលលោកកំពុងចូលរួមកិច្ចប្រជុំនៅទីក្រុងញូវយ៉កជាមួយសមភាគីស្វីសគឺលោក Ignazio Cassis ដែលបានស្នើឱ្យធ្វើជាអ្នកសម្របសម្រួលរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ។
រុស្ស៊ីបានទទូចម្តងហើយម្តងទៀតថាខ្លួននៅតែបើកចំហសម្រាប់ការចរចាសន្តិភាពជាមួយអ៊ុយក្រែន ដរាបណាផលប្រយោជន៍ជាតិរបស់ខ្លួនត្រូវបានពិចារណា ហើយក្រុងកៀវទទួលស្គាល់ ការពិតថ្មីនៅលើដីហើយទីក្រុងមូស្គូទទូចឱ្យទីក្រុងគៀវទទួលស្គាល់តំបន់ចំនួនបួនដែលបានចូលរួមជាមួយប្រទេសរុស្ស៊ីបន្ទាប់ពីការបោះឆ្នោតប្រជាមតិជាបន្តបន្ទាប់ក្នុងឆ្នាំ ២០២២ ។
យ៉ាងណាក៏ដោយ ក្រុងគៀវ មានការស្ទាក់ស្ទើរក្នុងការចូលរួមកិច្ចចរចាសន្តិភាព ហើយលោកប្រធានាធិបតី Vladimir Zelensky ថែមទាំងបានចុះហត្ថលេខាលើច្បាប់ហាមឃាត់ការចរចាជាមួយទីក្រុងមូស្គូ ខណៈដែលលោក Vladimir Putin នៅតែជាប្រធានាធិបតីផងដែរ៕
ប្រែសម្រួល៖ស៊ុនលី