តូក្យូ៖ រដ្ឋាភិបាលជប៉ុនឲ្យដឹងថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធពីគ្រោះរញ្ជួយដី ដែលបានអង្រួនកណ្តាលប្រទេសជប៉ុន នៅថ្ងៃបុណ្យចូលឆ្នាំថ្មី អាចនឹងកើនឡើងដល់ ២,៦ ទ្រីលានយ៉េន (១៧,៦ ពាន់លានដុល្លារ)។
ការរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័រ ដែលបានវាយប្រហារឧបទ្វីប ណូតូ នៅភាគកណ្តាលប្រទេសជប៉ុន បានបន្ថែមភាពមិនប្រាកដប្រជាលើសេដ្ឋកិច្ច ចំពេលមានការព្រួយបារម្ភអំពី ផលប៉ះពាល់អវិជ្ជមាននៃការរឹតបន្តឹង រូបិយវត្ថុក្នុងប្រទេសជឿនលឿន និងការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិន។
រដ្ឋាភិបាលបានឲ្យដឹងថា “ការយកចិត្តទុកដាក់ពេញលេញគួរតែ ត្រូវបានផ្តល់ទៅឱ្យផលប៉ះពាល់សេដ្ឋកិច្ច នៃការរញ្ជួយដីនៅឧបទ្វីបណូតូ ឆ្នាំ ២០២៤” ដោយកត់សម្គាល់ពីអតិផរណា ជម្លោះនៅមជ្ឈិមបូព៌ា និងការប្រែប្រួលនៅក្នុងទីផ្សារហិរញ្ញវត្ថុ ក៏គួរតែត្រូវបានត្រួតពិនិត្យផងដែរ។
គ្រោះរញ្ជួយដីនេះបានធ្វើឱ្យផ្ទះសំបែង និងដាច់ចរន្តអគ្គិសនី និងទឹក ដែលប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងទេសចរណ៍ក្នុងស្រុក។ យោងតាមការិយាល័យខុទ្ទកាល័យ ការខូចខាតផ្ទះ ផ្លូវថ្នល់ កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ត្រូវបានគេប៉ាន់ប្រមាណថាមានចន្លោះពី ១,១ទ្រីលាន ទៅ ២,៦ទ្រីលានយ៉េននៅក្នុងខេត្ត ដែលរងគ្រោះដោយគ្រោះមហន្តរាយ៣ គឺ Ishikawa, Toyama និង Niigata ៕
ប្រែសម្រួល ឈូក បូរ៉ា