ហ្គាហ្សា ៖ ចលនាតស៊ូប៉ាឡេស្ទីន (ហាម៉ាស) បានចោទប្រកាន់កងកម្លាំងអ៊ីស្រាអែលថា បានឡោមព័ទ្ធ និងធ្វើឱ្យមន្ទីរពេទ្យជាច្រើននៅទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា លែងដំណើរការ ខណៈដែលចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីននៅតែបន្តកើនឡើង។
ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្រ្ទីប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការឡោមព័ទ្ធរបស់កងទ័ព អ៊ីស្រាអែល បានធ្វើឱ្យមន្ទីរពេទ្យនៅទីក្រុង Khan Younis លែងដំណើរការទាំងស្រុង និងរារាំងចលនារបស់រថយន្តសង្គ្រោះ។
ប្រភពបានបន្ថែមថា អ៊ីស្រាអែល បានធ្វើការវាយប្រហារចំនួន ២១លើក ប្រឆាំងនឹងគ្រួសារនៅតំបន់ហ្គាហ្សាស្ទ្រីប ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលបណ្តាលឱ្យមាន មនុស្សស្លាប់ ២០០នាក់ និងរបួស ៣៧០នាក់ ដែលបង្កើនចំនួនអ្នកស្លាប់សរុបរបស់ប៉ាឡេស្ទីន នៅក្នុងតំបន់ប៉ាឡេស្ទីន ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដល់ ២៥,៩០០នាក់ ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ទន្ទឹមនឹងនោះជនរងគ្រោះប៉ាឡេស្ទីនមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែក ខណៈដែលរថយន្តសង្គ្រោះបន្ទាន់ និងក្រុមការពារស៊ីវិល មិនអាចទៅដល់ពួកគេបានឡើយ។
បច្ចុប្បន្ននេះ ក្រុមគ្រូពេទ្យកំពុងធ្វើការ ដើម្បីបន្តប្រតិបត្តិការ ផ្នែកខ្លះនៃមន្ទីរពេទ្យនៅភាគខាងជើងហ្គាហ្សា ដែលត្រូវបានខូចខាត ដោយការវាយប្រហារ របស់អ៊ីស្រាអែល។
កិច្ចខិតខំប្រឹងប្រែងក៏កំពុងដំណើរការផងដែរ ដោយសហការជាមួយអង្គការអន្តរជាតិ ដើម្បីផ្តល់ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងប្រេងឥន្ធនៈ ដើម្បីស្ដារប្រតិបត្តិការនៃមន្ទីរពេទ្យនៅហ្គាហ្សា៕
ប្រែសម្រួល ឈូក បូរ៉ា