បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា រុស្ស៊ីមិនចង់ចូលទៅក្នុងសង្រ្គាម ដ៏ធំមួយផ្សេងទៀត ហើយគ្មានចេតនាវាយប្រហារ ប្រទេសដទៃនោះទេ។
ក្នុងសេចក្តីថ្លែងការណ៍ ដោយលោករដ្ឋមន្ត្រីដដែលនេះ លោកបានសំដែងការសោកស្ដាយថា ទំនាក់ទំនងជាមួយអាមេរិកស្ថិតក្នុងកម្រិតទាប ហើយបានបន្ទោសក្រុងវ៉ាស៊ីនតោនចំពោះស្ថានភាពបច្ចុប្បន្ន។
ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ មន្ត្រីជាន់ខ្ពស់ក្នុងបណ្តាប្រទេសអឺរ៉ុបមួយចំនួន បាននិងកំពុងជំរុញពលរដ្ឋរបស់ពួកគេឱ្យរៀបចំខ្លួន សម្រាប់ការប្រឈមមុខដាក់គ្នាខាងយោធា ដែលមានសក្តានុពលជាមួយរុស្ស៊ី។ យ៉ាងណាមិញ ទីក្រុងមូស្គូបានទទូចថា ខ្លួនមិនមានចំណាប់អារម្មណ៍ក្នុងការ ធ្វើសង្រ្គាមប្រឆាំងនឹងណាតូទេ។
ថ្លែងនៅក្នុងវគ្គសួរឆ្លើយ Q&A នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃពុធ លោក Lavrov បាននិយាយថា ទោះបីជាមានការកើនឡើង និងវោហារសាស្ត្រដ៏តឹងតែងក៏ដោយ គ្មាននរណាម្នាក់ចង់បានសង្រ្គាមដ៏ធំនោះទេ រួមទាំងរុស្ស៊ីផងដែរ។ លោកបានបន្ថែមថា៖ យើងបានឆ្លងកាត់សង្គ្រាមធំ ជាច្រើនដងក្នុងប្រវត្តិសាស្ត្ររបស់យើងរួចមកហើយ ៕
ប្រែសម្រួល៖ ស៊ុន លី