បរទេស៖ មេទ័ពជើងទឹកអាមេរិក លោក Carlos Del Toro បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់វិទ្យាស្ថាន Royal United Services ក្នុងទីក្រុងឡុងដ៍កាលពីថ្ងៃព្រហស្បតិ៍ថា ចក្រភពអង់គ្លេសគួរតែវាយតម្លៃឡើងវិញ នូវទំហំកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ។
មន្ត្រីរូបនេះបានចង្អុលបង្ហាញពី ស្ថានភាពដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមើលឃើញថា ជាការគំរាមកំហែង រួមទាំងការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ា ក៏ដូចជាគោលនយោបាយរបស់រុស្ស៊ី និងចិនផងដែរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅពេលសួរថាតើសហរដ្ឋអាមេរិក មានការព្រួយបារម្ភអំពីកងទ័ព របស់ចក្រភពអង់គ្លេសមានទំហំតិចតូចពេក ឬអត់នោះ លោក Del Toro បានឆ្លើយតបថា “ខ្ញុំគិតថាវាមានសារៈសំខាន់ សម្រាប់ចក្រភពអង់គ្លេស ក្នុងការវាយតម្លៃឡើងវិញនូវ កន្លែងដែលពួកគេនៅសព្វថ្ងៃនេះ ដោយសារការគំរាមកំហែងដែលមានសព្វថ្ងៃនេះ” ។
នៅក្នុងសុន្ទរកថាកាលពីថ្ងៃព្រហស្បតិ៍ លោក Carlos Del Toro បានអះអាងថា ចំពេល “ការគំរាមកំហែងរយៈពេល មិនយូរដល់ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក” ការវិនិយោគនៅក្នុងកងនាវាចរគឺ “មានសារៈសំខាន់” ដោយកត់សម្គាល់ថា សហរដ្ឋអាមេរិកបាន “បន្តការវិនិយោគដ៏សំខាន់នៅក្នុងសន្តិសុខជាតិ” ។ សូម្បីតែចំពេលមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច។
លោក Del Toro បានអះអាងទៀតថា ការគំរាមកំហែង គឺរួមមានទាំងវិបត្តិដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ា យេម៉ែន អ៊ីរ៉ង់ ចិន និងរុស្ស៊ី ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា