ព័ត៌មានអន្តរជាតិ

Update៖ អាហ្វ្រិកខាងត្បូង ស្វាគមន៍ចំពោះវិធានការ​ តុលាការយុត្តិធម៌ អន្តរជាតិរបស់ UN ប្រឆាំងនឹងអ៊ីស្រាអ៊ែល

Xinhua

JOHANNESBURG ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ថា កាលពីថ្ងៃសុក្រ លោក Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូង បានថ្លែងថា អាហ្វ្រិកខាងត្បូង សូមស្វាគមន៍ ចំពោះវិធានការ ដែលតុលាការយុត្តិធម៌អន្តរជាតិ ហៅកាត់ថា (ICJ) ចេញបញ្ជាដោយធ្វើការ សម្រេចចិត្តលើមតិភាគច្រើន ដែលបានបញ្ជាឱ្យអ៊ីស្រាអ៊ែល ចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីការពារអំពើប្រល័យពូជសាសន៍ នៅក្នុងតំបន់ហ្គាហ្សា ស្ទ្រីប ។

លោក Ramaphosa បានថ្លែងនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ទៅកាន់ប្រទេសជាតិរបស់ខ្លួនថា “កាលពីព្រឹកថ្ងៃនេះ តុលាការ ICJ នៅទីក្រុងឡាអេ បានចេញសេចក្តីសម្រេចដែលជាជ័យជម្នះ សម្រាប់ច្បាប់អន្តរជាតិ សម្រាប់សិទ្ធិមនុស្ស និងសំខាន់បំផុតសម្រាប់យុត្តិធម៌” ។

ក្នុងនាមជារដ្ឋាភិបាលអាហ្វ្រិកខាងត្បូង យើងសូមស្វាគមន៍ចំពោះការសម្រេចចិត្តរបស់តុលាការ ICJ ដោយលោក Ramaphosa បានថ្លែងថា “តុលាការ ICJ ជាស្ថាប័ន តុលាការសំខាន់ របស់អង្គការសហប្រជាជាតិ (UN) បានចេញសេចក្តីសម្រេចមួយថា រដ្ឋអ៊ីស្រាអ៊ែល គួរតែអនុវត្តជាបន្ទាន់ នូវវិធានការជា បណ្តោះអាសន្ន ដើម្បីទប់ស្កាត់អំពើប្រល័យ ពូជសាសន៍បន្ថែមទៀតនៅក្នុងតំបន់ហ្គាហ្សា ដើម្បីបញ្ឈប់ពីសកម្មភាពបែបនេះ និងដើម្បីចាត់វិធានការ ប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការបំផ្លិចបំផ្លាញ និងធានាការរក្សាទុកភស្តុតាងពាក់ព័ន្ធ នឹងអំពើប្រល័យពូជសាសន៍ ។

លោកបានថ្លែងថា បទបញ្ជានេះមាន កាតព្វកិច្ចលើ ប្រទេសអ៊ីស្រាអ៊ែល ហើយត្រូវតែគោរព ដោយរដ្ឋទាំងអស់ ដែលជាភាគីនៃអនុសញ្ញាអង្គការ សហប្រជាជាតិ ស្តីពីការទប់ស្កាត់ និងការដាក់ទណ្ឌកម្ម នៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដោយលោកបានថ្លែងទៀតថា អាហ្រ្វិកខាងត្បូង រំពឹងថា អ៊ីស្រាអ៊ែល ជាប្រទេសប្រជាធិបតេយ្យដែលប្រកាសដោយខ្លួនឯង និងជារដ្ឋដែលគោរពនីតិរដ្ឋ គោរពតាមវិធានការដែលចេញដោយតុលាការ ICJ ។

លោកបានមានថ្លែងថា “ក្នុងនាមជាប្រទេសអាហ្វ្រិកខាងត្បូង យើងសូមថ្លែងអំណរគុណ ចំពោះសហគមន៍អន្តរជាតិទាំងអស់ ដែលបានគាំទ្រកម្មវិធីរបស់យើង រួមទាំងប្រទេសមួយចំនួន ដែលបានប្រកាសពីចេតនារបស់ពួកគេ ក្នុងការធ្វើជាផ្នែកនៃកម្មវិធីរបស់យើង” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top