SANAA៖ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ថា ក្រុមឧទ្ទាម ហួធី “Houthis” នៅក្នុងប្រទេសយ៉េមែន បានអះអាង កាលពីថ្ងៃសុក្រនូវការវាយប្រហារដោយមីស៊ីល មកលើនាវាដឹកប្រេង របស់ចក្រភពអង់គ្លេស នៅឈូងសមុទ្រ អាដែន ដែលបានធ្វើឲ្យឆេះកប៉ាល់ ដែលនេះគឺជាការ វាយប្រហារចុងក្រោយបំផុត មកលើការដឹកជញ្ជូនអន្តរជាតិ ដោយក្រុមឧទ្ទាមនេះដែលបានគាំទ្រដោយប្រទេសអ៊ីរ៉ង់ ។
ករណីនេះបានកើតឡើងនៅថ្ងៃដដែលនោះ យោធារបស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា នាវាចម្បាំងរបស់ខ្លួនមួយគ្រឿងបានបាញ់ទម្លាក់មីស៊ីលដែលបាញ់មកលើនាវាដែលបង្កឡើងដោយក្រុមនេះ ដែលកំពុងតែធ្វើសកម្មភាពគាំទ្រប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា ស្របពេលមានសង្រ្គាមអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ។
កងកម្លាំងអាមេរិក និងចក្រភពអង់គ្លេស បានចាប់ផ្តើមធ្វើការវាយប្រហាររួមគ្នាចំនួន២លើក ក្នុងគោលបំណងកាត់បន្ថយសមត្ថភាពរបស់ក្រុម ហួធី ដើម្បីកំណត់គោលដៅនាវាដែលឆ្លងកាត់ផ្លូវពាណិជ្ជកម្មសមុទ្រក្រហមដ៏សំខាន់មួយនេះ ។
ក្រុងវ៉ាស៊ីនតោន ក៏បានធ្វើការវាយឆ្មក់តាមផ្លូវអាកាសជាឯកតោភាគីជាបន្តបន្ទាប់ ប៉ុន្តែក្រុម ហួធី បានប្តេជ្ញាថា នឹងបន្តការវាយប្រហាររបស់ពួកគេដដែល ។
លោក Yahya Saree អ្នកនាំពាក្យយោធាលោក បានលើកឡើងថា នាវាដឹកប្រេងរបស់ចក្រភពអង់គ្លេស ឈ្មោះថា Marlin Luanda ត្រូវបានវាយប្រហារដោយមីស៊ីលដែលត្រូវបានបាញ់ដោយកងកម្លាំងជើងទឹកយ៉េមែន ៕
ដោយ៖ ម៉ៅ បុប្ផាមករា