បរទេស៖ កាសែត New York Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភព ពីមន្រ្តីអាមេរិកថា សហរដ្ឋអាមេរិកព្រួយបារម្ភថា កូរ៉េខាងជើងអាច “ចាត់វិធានការយោធាខ្លាំងក្លាយមួយចំនួន” ប្រឆាំងនឹង ប្រទេសជិតខាង ភាគខាងត្បូង របស់ខ្លួន។ អត្ថបទបាននិយាយថា ទោះជាយ៉ាងណាក៏ដោយ វ៉ាស៊ីនតោនមិនជឿថា ទីក្រុងព្យុងយ៉ាង បានត្រៀមខ្លួនជាស្រេចនោះទេ ដើម្បីប្រថុយសង្គ្រាមទ្រង់ទ្រាយធំជាមួយទីក្រុងសេអ៊ូល ដែលទំនងជានឹងនាំឱ្យ មានអន្តរាគមន៍ របស់សហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះដែលត្រូវបានដកស្រង់ដោយកាសែតនោះ គឺថា ទីក្រុងវ៉ាស៊ីនតោន បានកត់សម្គាល់ នូវអ្វីដែលពួកគេបានពិពណ៌នាថា ជាសេចក្តីថ្លែងការណ៍ដែលកាន់តែ គឃ្លើន ជាងមុនដោយលោក គីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក៏ដូចជាការសាកល្បងមីស៊ីល និងកាំភ្លើងធំជាញឹកញាប់ផងដែរ។
កាលពីខែមុន លោក គីម បានច្រានចោលការបង្រួបបង្រួមកូរ៉េ ដោយបានបរិហារអ្នកជិតខាងរបស់ខ្លួនគឺកូរ៉េខាងត្បូងថា ជា “រដ្ឋក្រោមអាណានិគម” ដែលគោលការណ៍របស់ពួកគេមិនអាចផ្សះផ្សាបានទាំងស្រុងជាមួយទីក្រុងព្យុងយ៉ាង។ ប្អូនស្រីរបស់លោកគីម ជុងអ៊ុន គឺលោកស្រី គីម យូចុង ក៏បានព្រមានកូរ៉េខាងត្បូងអំពី ការដោះស្រាយ “ស្ថានការណ៍កាន់តែអាក្រក់” ឱ្យបានឆាប់ នៅក្នុង “ការបង្កហេតុបន្តិចបន្តួច” ។
មន្ត្រីអាមេរិកជឿជាក់ថា តាមសេចក្តីថ្លែងការណ៍ថ្មីៗនេះ គឺ កូរ៉េខាងជើងអាចធ្វើអ្វីមួយដែលស្រដៀងនឹងការបាញ់ផ្លោងកាំភ្លើងធំដ៏មានឥទ្ធិពលរបស់ខ្លួននៅលើកោះ Yeonpyeong ក្នុងឆ្នាំ ២០១០ ដែលបានធ្វើតាមសមយុទ្ធកូរ៉េខាងត្បូងនៅក្នុងតំបន់នោះ។ នៅពេលនោះ ទីក្រុងព្យុងយ៉ាងបានបាញ់ផ្លោងរាប់រយគ្រាប់ សម្លាប់ទាហានកូរ៉េខាងត្បូងពីរនាក់ និងរបួសជាច្រើននាក់៕
ប្រែសម្រួលៈ ណៃ តុលា