ព័ត៌មានអន្តរជាតិ

កាសែត The Telegraph ផ្សាយថា អាមេរិកគ្រោងដាក់ពង្រាយ អាវុធនុយក្លេអ៊ែរឡើងវិញ នៅអង់គ្លេស

រូបភាពពី៖​ RT News

បរទេស៖ សារព័ត៌មាន The Telegraph របស់អង់គ្លេស បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ឯកសាររបស់មន្ទីរបញ្ចកោណថា សហរដ្ឋអាមេរិកគ្រោងនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ទៅកាន់ចក្រភពអង់គ្លេសជាលើកដំបូងក្នុងរយៈពេល ១៥ ឆ្នាំ មកនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា របាយការណ៍អំពីគម្រោងដាក់ពង្រាយនេះកើតឡើងចំពេលដែលភាពតានតឹងកាន់តែខ្លាំងឡើងរវាងអង្គការណាតូ និងរុស្ស៊ី ជុំវិញជម្លោះអ៊ុយក្រែន និងការអំពាវនាវពីអ្នកនយោបាយលោកខាងលិចមួយចំនួនឱ្យរៀបចំសម្រាប់ការប៉ះទង្គិចប្រដាប់អាវុធដ៏មានសក្តានុពលជាមួយទីក្រុងម៉ូស្គូ។

កាសែតអង់គ្លេស Telegraph បានដកស្រង់កិច្ចសន្យាលទ្ធកម្មសម្រាប់កន្លែងថ្មីនៅស្ថានីយ៍ទ័ពអាកាស Royal Air Force នៅ Lakenheath ក្នុង Suffolk ដែលចង្អុលបង្ហាញពីចេតនារបស់វ៉ាស៊ីនតោនក្នុងការនាំយកអាវុធនុយក្លេអ៊ែរទៅកាន់មូលដ្ឋាននេះ។ សារព័ត៌មាន Telegraph បានសរសេរថា កងទ័ព Royal Air Force Lakenheath ត្រូវបានគេរំពឹងថា នឹងមានគ្រាប់បែក B61-12 ដែលមានកម្លាំងខ្លាំងជាងគ្រាប់បែកដែលបានទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ក្នុងឆ្នាំ ១៩៤៥ ដល់ទៅបីដង។ ជាងនេះទៅទៀត អាមេរិកបានបញ្ជូនយន្តហោះចម្បាំងដែលមានសមត្ថភាពនុយក្លេអ៊ែរ F-35 ទៅកាន់មូលដ្ឋាននេះផងដែរកាលពីឆ្នាំមុន។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយកាលពីឆ្នាំមុនថា ទីក្រុងមូស្គូនឹងត្រូវបង្ខំឱ្យអនុវត្ត “វិធានការតបតវិញ” ប្រសិនបើក្បាលគ្រាប់នុយក្លេអ៊ែររបស់អាមេរិកត្រូវត្រលប់ទៅចក្រភពអង់គ្លេស។ រុស្ស៊ីបានចោទលោកខាងលិចថា បានបង្កភាពតានតឹងនៅអឺរ៉ុប ហើយបានអះអាងថា ការពង្រីកទៅភាគខាងកើតរបស់អង្គការណាតូ គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុនៃជម្លោះអ៊ុយក្រែន៕ ប្រែសម្រួលៈ ណៃ តុលា

To Top