បរទេស៖ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃសៅរ៍ថា ប្រទេសចិនបានបញ្ជូនយន្តហោះចម្បាំងជាង ៣០ គ្រឿង និងនាវាកងទ័ពជើងទឹកមួយក្រុមទៅកាន់កោះតៃវ៉ាន់។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា សម្ពាធយោធាកើតមានឡើងបន្ទាប់ពីការប្រកាសដែលតំណាងជាន់ខ្ពស់អាមេរិកនិងចិន ត្រូវបានគេរំពឹងថា នឹងជួបប្រជុំគ្នានៅក្នុងរដ្ឋធានីរបស់ប្រទេសថៃ ខណៈប្រទេសទាំងពីរព្យាយាមបន្ធូរបន្ថយភាពតានតឹង។
កងទ័ពរំដោះប្រជាជនចិនបានបញ្ជូនយន្តហោះចំនួន ៣៣ គ្រឿង រួមទាំងយន្តហោះចម្បាំង SU-30 និងនាវាកងទ័ពជើងទឹកចំនួន ៦ ទៅជុំវិញកោះតៃវ៉ាន់ ចន្លោះម៉ោង ៦ព្រឹកថ្ងៃសុក្រដល់ម៉ោង ៦ ព្រឹកថ្ងៃសៅរ៍។ ក្នុងចំណោមនោះ យន្តហោះចម្បាំងចំនួន ១៣ គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់កណ្តាលនៃច្រកសមុទ្រតៃវ៉ាន់ ដែលជាព្រំប្រទល់ក្រៅផ្លូវការដែលត្រូវបានចាត់ទុកថា ជាតំបន់បណ្តោះអាសន្នរវាងកោះ និងដីគោក។ កោះតៃវ៉ាន់បានតាមដានស្ថានការណ៍ និងបានប្រើកម្លាំងរបស់ខ្លួនដើម្បីឆ្លើយតបនឹងសកម្មភាពនេះ។
ប្រទេសចិនបានអះអាងកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងថាជាទឹកដីរបស់ខ្លួន ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានបង្ហាញពីការមិនពេញចិត្តចំពោះសកម្មភាពនយោបាយនៅតៃវ៉ាន់ តាមរយៈការបញ្ជូនយន្តហោះយោធា និងកប៉ាល់មកជិតកោះនេះ។ តៃវ៉ាន់បាននិយាយថា ប៉េងប៉ោងរបស់ចិនចំនួនប្រាំមួយបានហោះពីលើកោះ ឬឆ្លងកាត់ដែនអាកាសនៅភាគខាងជើងប៉ុន្មានថ្ងៃបន្ទាប់ពីកោះដែលគ្រប់គ្រងដោយខ្លួនឯងបានជ្រើសរើសលោក Lai Ching-te ជាប្រធានាធិបតីថ្មី។ គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យរបស់លោក Lai ភាគច្រើនបានធ្វើយុទ្ធនាការលើការសម្រេចចិត្តដោយខ្លួនឯង យុត្តិធម៌សង្គម និងការបដិសេធចំពោះការគំរាមកំហែងរបស់ប្រទេសចិន៕ ប្រែសម្រួលៈ ណៃ តុលា