បរទេស៖ យោងតាមសារព័ត៌មាន NBC News បានរាយការណ៍កាលពីថ្ងៃអាទិត្យថា សេតវិមានកំពុងពិភាក្សាអំពីការដក ឬពន្យារពេលការដឹកជញ្ជូន អាវុធវាយលុកទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីបង្ខំឱ្យរដ្ឋជ្វីហ្វមួយនេះ (អ៊ីស្រាអែល) កាត់បន្ថយប្រតិបត្តិការយោធា ដែលកំពុងបន្តនៅតំបន់ហ្គាហ្សាស្ទ្រីប។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមរបាយការណ៍, អ៊ីស្រាអែលបានស្នើឱ្យសហរដ្ឋអាមេរិក បញ្ជូនជំនួយបន្ថែម រួមទាំងគ្រាប់បែកទម្លាក់ពី លើអាកាសដ៏មានឥទ្ធិពល និងការការពារដែនអាកាស។ សារព័ត៌មាន NBC បានដកស្រង់សម្តីមន្ត្រីអាមេរិកបច្ចុប្បន្ន និងអតីតមន្ត្រីអាមេរិកចំនួនបីរូប ដែលបាននិយាយថា សហរដ្ឋអាមេរិកកំពុងពិចារណាលើការបន្ថយ ឬផ្អាកការដឹកជញ្ជូន ដោយសង្ឃឹមថា ការធ្វើដូច្នេះនឹងជំរុញឱ្យអ៊ីស្រាអែលចាត់វិធានការ ដូចជាការបើកច្រករបៀងមនុស្សធម៌ ដើម្បីផ្តល់ជំនួយបន្ថែមដល់ជនស៊ីវិលប៉ាឡេស្ទីន។
ការបញ្ជូនកាំភ្លើងធំ ១៥៥ មីល្លីម៉ែត្រ និងឧបករណ៍ដែលបំប្លែង ‘គ្រាប់បែកនាំផ្លូវ’ ទៅជាគ្រាប់បែកដែលដឹកនាំដោយភាពជាក់លាក់ ត្រូវបានគេរាយការណ៍ថា ស្ថិតនៅក្រោមការត្រួតពិនិត្យ ដោយមន្ទីរបញ្ចកោណ។ ក្នុងពេលជាមួយគ្នានេះ មន្ត្រីត្រូវបានដកស្រង់សម្តីដោយនិយាយថា “មិនមានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើង” លើបញ្ហានេះទេ ហើយថា សហរដ្ឋអាមេរិក “ទំនងជានឹងបន្តផ្តល់ឧបករណ៍បំប្លែងផ្សេងទៀត ដែលធ្វើឱ្យគ្រាប់បែកអ៊ីស្រាអែលកាន់តែច្បាស់លាស់” ។
ក្រុមមន្ត្រីបានបន្ថែមថា សេតវិមាន «ទំនងជាមិនពន្យាពេលនៃ ការបញ្ជូនអាវុធការពារដែនអាកាសទេ» ប៉ុន្តែ «អាចរារាំង ឬពន្យារពេល» បញ្ជូនអាវុធវាយលុក ៕
ប្រែសម្រួលៈ ណៃ តុលា