ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត អំពាវនាវឲ្យអ៊ីស្រាអែល គោរពច្បាប់អន្ដរជាតិ

រូបភាពពី៖​ AFP

រីយ៉ាដ៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតលោក Faisal bin Farhan Al Saud បានជំរុញឱ្យអ៊ីស្រាអែល គោរពច្បាប់អន្តរជាតិ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីអេហ្ស៊ីបលោក Sameh Shoukry នៅទីក្រុងគែរ ដែលក្នុងនោះអ្នកទាំងពីរបានអំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប និងជំនួយ ដើម្បីទៅដល់អ្នកដែលខ្វះខាត នេះបើយោងតាមបណ្តាញព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត Al Arabiya News ។

មន្ត្រីអារ៉ាប៊ីសាអូឌីតបានឲ្យសឆងថា អារ៉ាប៊ីសាអូឌីត រួមជាមួយនឹងរដ្ឋអារ៉ាប់ផ្សេងទៀត នឹងបន្តដាក់សម្ពាធ ដើម្បីការពារប្រជាជនប៉ាឡេស្ទីន។

និយាយអំពីការបដិសេធរបស់អ៊ីស្រាអែល ចំពោះសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ស្តីពីស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា លោកបានសង្កត់ធ្ងន់ថា ច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិគួរតែអនុវត្តដូចគ្នា ចំពោះអ៊ីស្រាអែលដូចទៅនឹងប្រទេសដទៃទៀតដែរ។

ICJ កាលពីថ្ងៃសុក្របានបញ្ជាឱ្យអ៊ីស្រាអែលចាត់វិធានការគ្រប់បែបយ៉ាងនៅក្នុងអំណាចរបស់ខ្លួន ដើម្បីការពារអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

ទោះជាយ៉ាងនេះក្តី តុលាការមិន បានបញ្ជាឱ្យអ៊ីស្រាអែល ផ្អាកប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា ដែលជាសំណើដ៏សំខាន់មួយដែលបានស្នើឡើងដោយអាហ្វ្រិកខាងត្បូង ស្របពេលដែលក៏បានអំពាវនាវឱ្យក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ទាំងអស់ផងដែរ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top