កូឡុំបូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ថា កងនាវាចររបស់ប្រទេសស្រីលង្កា បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ទូកនេសាទស្រីលង្កា រួមជាមួយនឹងសមាជិកនាវិក៦នាក់ ដែលត្រូវបានចោរសមុទ្រសូម៉ាលី ប្លន់នៅសមុទ្រអារ៉ាប់កាលពីថ្ងៃសៅរ៍ ត្រូវបានជួយសង្គ្រោះដោយឆ្មាំឆ្នេរសមុទ្រ Seychelles ។
លោក Gayan Wickramasuriya នាយកប្រព័ន្ធផ្សព្វផ្សាយនៃកងទ័ពជើងទឹកបានប្រាប់ដល់អ្នកសារព័ត៌មានថា ក្រុមចោរសមុទ្រចំនួន៣នាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ ហើយអ្នកនេសាទស្រីលង្កាដែលត្រូវបានជួយសង្គ្រោះ និងនាវានេសាទជាច្រើនថ្ងៃដែលមានឈ្មោះថា Lorenzo Putha 4 កំពុងត្រូវបាននាំយកទៅកាន់រដ្ឋធានីនៃ Seychelles ។
លោក Wickramasuriya បានលើកឡើងថា កងនាវា Seychelles បានធ្វើប្រតិបត្តិការជួយសង្គ្រោះ ក្រោយពីការស្នើសុំរបស់កងទ័ពជើងទឹកស្រីលង្កា ។
ក្រសួងការបរទេសស្រីលង្កាបានឲ្យដឹងនៅមុននេះថា ខ្លួនបានទៅដល់ប្រទេសនៅជិតតំបន់ដែលចោរសមុទ្រសូម៉ាលីបានប្លន់ទូកនេសាទពីប្រជាជាតិអាស៊ីខាងត្បូងមួយនេះ ៕
ដោយ៖ ម៉ៅ បុប្ផាមករា