កូនប្រុសអតីតមេដឹកនាំហ្វីលីពីន ជំរុញឲ្យប្រធានាធិបតី Ferdinand Marcos Jr លាលែងពីតំណែង
លោក Marcos បានសហការគ្នាជាមួយកូនស្រី របស់លោក Duterte ឈ្មោះ Sara ដើម្បីធ្វើជាអនុប្រធានរបស់គាត់ ក្នុងការឈ្នះការបោះឆ្នោតឆ្នាំ២០២២របស់ពួកគេ ។ ប៉ុន្តែការប្រេះឆានៅក្នុងសម្ព័ន្ធភាពរបស់ក្រុមគ្រួសារបានលេចចេញជារូបរាង ខណៈដែលអ្នកកាន់អំណាចបានងាកចេញពីគោលនយោបាយប្រឆាំងគ្រឿងញៀន និងគោលនយោបាយបរទេសរបស់អ្នកកាន់តំណែងមុនរបស់គាត់ ។
លោក Sebastian Duterte ជាអភិបាលក្រុង Davao ដែលជាទីក្រុងមានប្រជាជនច្រើនជាងគេទី៣របស់ប្រទេសហ្វីលីពីន បានលើកឡើងថា មានការកើតឡើងវិញនៃឧក្រិដ្ឋកម្ម ក្រោយពីយុទ្ធនាការរឹងរូសរបស់ឪពុកលោកត្រូវបានបន្ធូរបន្ថយនោះ ។
នៅក្នុងវេទិកាថ្នាក់ដឹកនាំមួយ លោកក៏បានចោទប្រកាន់លោក Marcos ពីបទបង្កគ្រោះថ្នាក់ដល់ប្រជាជនហ្វីលីពីនស្លូតត្រង់ ដោយអនុញ្ញាតឱ្យជនជាតិអាមេរិកាំងចូលស្រុក ជាការពឹងផ្អែក ដោយពង្រីកការចូល របស់សហរដ្ឋអាមេរិកទៅកាន់មូលដ្ឋានយោធា រួមទាំងនៅជិតកោះតៃវ៉ាន់ផងដែរ ។ លោក Duterte ដែលមានវ័យចំណាស់ បានបង្រួបបង្រួមទំនាក់ទំនង ជិតស្និទ្ធជាមួយនឹងប្រទេសចិន ។
លោក Sebastian Duterte ក៏បានប្រឆាំងនឹងការ សម្រេចចិត្តរបស់លោក Marcos ក្នុងការចាប់ផ្តើមការចរចាសន្តិភាពឡើងវិញ ជាមួយពួកឧទ្ទាមកុម្មុយនិស្ត ដោយបានលើកឡើងថា លោកមិនបានដឹងអ្វីទាំងអស់ អំពីការឈឺចាប់របស់ប្រជាជន ដែលរស់នៅក្នុងតំបន់ ដែលធ្លាប់ជាកន្លែងរឹងមាំរបស់ពួកឧទ្ទាមនោះទេ ។
គាត់បានលើកឡើងថា “អ្នកជាមនុស្សខ្ជិល ហើយអ្នកខ្វះក្តីមេត្តាថែមទៀតផង” ។
ជុំវិញការលើកឡើងខាងលើរបស់លោក Sebastian គឺមិនមានការអត្ថាធិប្បាយភ្លាមៗណាពីការិយាល័យរបស់លោក Marcos នៅឡើយទេ ៕
ដោយ៖ ម៉ៅ បុប្ផាមករា