ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន អំពាវនាវឲ្យបន្តផ្តល់ មូលនិធិដល់ទីភ្នាក់ងារ អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន

xinhua

យូអិន ៖ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisi និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់ ពីភាពចាំបាច់ក្នុងការបន្តផ្តល់ មូលនិធិដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការ សហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ។

ប្រធានាធិបតីអេហ្ស៊ីប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ពួកគេក៏បានពិភាក្សា អំពីតួនាទីសំខាន់ របស់អង្គការសហប្រជាជាតិ និងអង្គការនានារបស់ខ្លួនក្នុងការផ្តល់ការគាំទ្រ និងការសង្គ្រោះដល់ប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប ដែលហែកហួរដោយសង្រ្គាម ។

លោក Sisi និងលោក Guterres បានឲ្យដឹងថា ការបន្តផ្តល់មូលនិធិ UNRWA នឹងអនុញ្ញាតឱ្យទីភ្នាក់ងារនេះអនុវត្តតួនាទីមនុស្សធម៌របស់ខ្លួន នេះបើយោងតាមសេចក្តីថ្លែងការណ៍។

គិតត្រឹមថ្ងៃច័ន្ទ កាណាដា អូស្ត្រាលី អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ ស្វ៊ីស ហ្វាំងឡង់ អេស្តូនី ជប៉ុន អូទ្រីស និងរ៉ូម៉ានី បានចូលរួមជាមួយ សហរដ្ឋអាមេរិក ក្នុងការផ្អាកការផ្តល់មូលនិធិ សម្រាប់ UNRWA បន្ទាប់ពីអ៊ីស្រាអែល បានចោទប្រកាន់បុគ្គលិក UNRWA ជាច្រើននាក់ថា មានការសង្ស័យថា មានការពាក់ព័ន្ធនៅក្នុងក្រុមហាម៉ាស ទាក់ទងទៅនឹងការ វាយប្រហារលើអ៊ីស្រាអែល កាលពីខែតុលា។

ការសន្ទនារបស់មេដឹកនាំទាំងពីរ ក៏បានប៉ះពាល់ដល់ស្ថានភាពទាំងមូលនៅមជ្ឈិមបូព៌ា និងគ្រោះថ្នាក់នៃការពង្រីកវដ្តនៃជម្លោះដែលកំពុងបន្ត។ មេដឹកនាំទាំងពីរ បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់អេហ្ស៊ីប ក្នុងតំបន់ និងអន្តរជាតិ ក្នុងគោលបំណងឈានដល់បទឈប់បាញ់ និងកិច្ចព្រមព្រៀង ស្តីពីការផ្លាស់ប្តូរចំណាប់ខ្មាំងហាម់ាស-ស៊ីស្រាអែក និងការផ្តល់ជំនួយសង្គ្រោះដល់តំបន់ហ្គាហ្សា ក្នុងបរិមាណដ៏ច្រើនឱ្យបានឆាប់បំផុត។

អ៊ីស្រាអែល បាននិងកំពុងធ្វើយុទ្ធនាការយោធា ទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ បានបើកការវាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅលើ អ៊ីស្រាអែលភាគខាងត្បូង ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលប្រហែល ១,២០០នាក់ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top