ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ថា ក្រសួងសុខាភិបាល គ្រប់គ្រង ដោយក្រុមហាម៉ាស់ នៅទីក្រុង ហ្គាហ្សា បានឲ្យដឹងកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ របស់ពលរដ្ឋ ប៉ាឡេស្ទីន ពីការវាយលុករបស់ អ៊ីស្រាអ៊ែល នៅតំបន់នេះ បានកើនឡើង ដល់២៦.៦៣៧នាក់ គិតចាប់តាំងពីមានការវាយប្រហារ ដែលចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញដោយក្រសួង ខាងលើនេះ បានឲ្យដឹងថា កងកម្លាំងអ៊ីស្រាអ៊ែល បានសម្លាប់ជនជាតិ ប៉ាឡេស្ទីន អស់ ចំនួន២១៥នាក់ និងបានបង្កឲ្យមានអ្នករង របួសចំនួន៣០០នាក់ទៀត គិតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ ដោយបានបន្ថែមថា ចំនួនសរុប នៃអ្នករបួសជន ជាតិប៉ាឡេស្ទីន ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះ គឺមានយ៉ាងហោចណាស់៦៥.៣៨៧នាក់ ។
ក្រសួងបានឲ្យដឹងថា ជនរងគ្រោះជាច្រើន នៅតែជាប់នៅក្រោមគំនរបាក់បែក ប៉ុន្តែរថយន្តសង្គ្រោះបន្ទាន់ និងក្រុមការពារស៊ីវិលមិនអាចទៅ ដល់ពួកគេបានឡើយ ។
ទន្ទឹមនឹងនេះដែរ នៅតំបន់ West Bank ដែលកាន់កាប់ បានធ្វើការបាញ់ ប្រហាររបស់អ៊ីស្រាអ៊ែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន យ៉ាងតិចបំផុត ៥នាក់កាលពីថ្ងៃចន្ទ ។ នេះបើយោងតាមក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយ អាជ្ញាធរប៉ាឡេស្ទីន បានបញ្ជាក់ដូច្នេះ ។
ក្រសួងបានឲ្យដឹងថា យុវជនចំនួន២នាក់ ត្រូវបានបាញ់សម្លាប់ ដោយយោធាអ៊ីស្រាអ៊ែលនៅក្នុងភូមិ Dura ក្បែរទីក្រុង Hebron ស្ថិតនៅភាគខាងត្បូងនៃតំបន់ West Bank ជាកន្លែង ដែលកងកម្លាំងអ៊ីស្រាអ៊ែល បានធ្វើការវាយឆ្មក់ និងប៉ះទង្គិចជាមួយប៉ាឡេស្ទីន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា