ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ថា លោកខាងលិច កំពុងស្នើឱ្យប្រទេសផ្សេងទៀត បញ្ជូនអាវុធរុស្ស៊ី ដោយសម្ងាត់ ទៅឱ្យអ៊ុយក្រែន

រូបភាពពី៖​ RT News

បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ទីក្រុងមូស្គូ បានដឹងពីករណីជាច្រើនរបស់មហាអំណាចលោកខាងលិច ដែលបានស្នើឱ្យប្រទេសមួយចំនួន ផ្តល់ជាសម្ងាត់នូវអាវុធដែលផលិតដោយរុស្ស៊ី ដល់ទីក្រុងគៀវ ដើម្បីប្រើប្រាស់ក្នុងជម្លោះអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់អ្នកការទូតកំពូលរបស់រុស្ស៊ីនេះ ធ្វើឡើងនៅពេលដែលក្រុងគៀវបានបង្កើនការទាមទាររបស់ខ្លួនសម្រាប់ជំនួយយោធាបន្ថែមទៀត ដោយលើកឡើងពីកង្វះខាតធ្ងន់ធ្ងរនៅក្នុងផ្នែករឹង និងគ្រាប់រំសេវ។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនក៏បាននិងកំពុងស្វែងរកការអនុម័តជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាបន្ថែមទៀតសម្រាប់អ៊ុយក្រែន ផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំតុមូលជាមួយប្រមុខបេសកកម្មការទូតបរទេសនៅទីក្រុងមូស្គូកាលពីថ្ងៃអង្គារ លោក Lavrov បាននិយាយថា រុស្ស៊ីបានទាក់ទងជាមួយ “ប្រទេសមួយចំនួន” ដែលលោកខាងលិចកំពុងព្យាយាមបញ្ចុះបញ្ចូលឱ្យប្រគល់សព្វាវុធដែលផ្គត់ផ្គង់ដោយរុស្ស៊ីទៅឱ្យអ៊ុយក្រែនដោយមិនផ្តល់ដំណឹងដល់ទីក្រុងម៉ូស្គូនៃការបញ្ជូនបែបនេះ។

លោក Sergey Lavrov រដ្ឋមន្ត្រីករបរទេសរុស្ស៊ីបានកត់សម្គាល់ថា មានករណីជាច្រើននៃប្រភេទនេះ ដែលបានកត់ត្រាដោយទីក្រុងម៉ូស្គូ ក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងមក ហើយលោកបានសង្កត់ធ្ងន់ថា រុស្ស៊ីនឹងបន្តទាមទារឱ្យមានការប្រតិបត្តិកាតព្វកិច្ចអន្តរជាតិទាំងអស់ទាក់ទងនឹងការផ្ទេរអាវុធ។

លោក Lavrov បានចង្អុលបង្ហាញថា នៅពេលដែលប្រទេសបរទេសទទួលបានអាវុធរុស្ស៊ីដោយស្របច្បាប់ហើយ, ការដឹកជញ្ជូនត្រូវមានឯកសារជាក់លាក់ រួមទាំងវិញ្ញាបនបត្រអ្នកប្រើប្រាស់ចុងក្រោយផងដែរ។ លោករដ្ឋមន្ត្រីបានពន្យល់ថា “អនុលោមតាមវិញ្ញាបនបត្រនេះ អ្នកទទួលអាវុធមិនមានសិទ្ធិលក់អាវុធទាំងនោះឡើងវិញ ឬបញ្ជូនវាទៅទីណាបានឡើយ បើគ្មានការយល់ព្រមពីប្រទេសអ្នកផ្គត់ផ្គង់៕
ប្រែសម្រួលៈ ណៃ តុលា

To Top