ព័ត៌មានអន្តរជាតិ

របប​យោធា​មី​យ៉ាន់​ម៉ា ពន្យារ​ភាពអាសន្ន ​រយៈពេល ៦ខែទៀត

kyodo

យ៉ាំងហ្គោន ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាន រាយការណ៍កាលពីថ្ងៃពុធ មួយថ្ងៃមុនថ្ងៃគម្រប់ខួបបីឆ្នាំ នៃរដ្ឋប្រហារ ដែលបានទម្លាក់រដ្ឋាភិបាល ជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ របស់ប្រទេស របស់លោកស្រី អ៊ុងសាន ស៊ូជី ដោយរបបយោធា បានឲ្យដឹងថា ខ្លួននឹងបន្តដាក់រដ្ឋ ក្នុងភាពអាសន្នរយៈពេល ៦ខែទៀត ។

របបយោធាបានពន្យារភាព អាសន្នម្តងហើយម្តងទៀត ចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋប្រហារដោយសារជម្លោះអូសបន្លាយរវាងយោធា និងកងកម្លាំងប្រឆាំង រួមទាំងប្រជាពលរដ្ឋគាំទ្រ លទ្ធិប្រជាធិបតេយ្យ ដែលបានកាន់អាវុធ និងកងជីវពលជនជាតិភាគតិច។

ជាមួយនឹងការពន្យាពេលទី៥ ថ្ងៃផុតកំណត់ សម្រាប់រៀបចំការបោះឆ្នោតទូទៅ ដើម្បីស្ដារការគ្រប់គ្រងស៊ីវិល នឹងត្រូវរុញត្រឡប់ទៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំក្រោយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។

សេចក្តីប្រកាសរបស់របបយោធា ត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ MRTV បន្ទាប់ពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ ដែលជាស្ថាប័នធ្វើសេចក្តីសម្រេច កំពូលរបស់ប្រទេស។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ ឧត្តមសេនីយទោ មីន អ៊ុងឡាំង ប្រមុខរបបយោធាបានឲ្យដឹងថា ប្រទេសនេះនៅតែត្រូវស្ថិតនៅក្រោមភាពអាសន្ន ដូច្នេះយោធាអាចដោះស្រាយការវាយប្រហារ ដោយក្រុមប្រដាប់អាវុធជនជាតិភាគតិច ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top