ព័ត៌មានអន្តរជាតិ

ចិន ជំរុញ​ឲ្យ​អាមេរិក​ បញ្ឈប់​ការ​រឹតត្បិត ​ការ​ធ្វើ​ដំណើរ ​របស់​និស្សិត​ចិន ទៅ​កាន់អាមេរិក

xinhua

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់នូវការគាបសង្កត់ និងរឹតបន្តឹងនិស្សិតចិន ដែលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ក្រោមអ្វីដែលហៅថាហេតុផលសន្តិសុខជាតិ។

អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានសួរ ឱ្យធ្វើអត្ថាធិប្បាយ លើរបាយការណ៍ ដែលថានិស្សិតចិន បានជួបប្រទះការសួរចម្លើយ ការយាយី ការនិរទេសដោយមិនមានការធានានៅព្រំដែនសហរដ្ឋអាមេរិក។

មានសេចក្តីរាយការណ៍ថា និស្សិតចិន ត្រូវបានសួរចម្លើយម្តងទៀត នៅពេលចូលព្រំដែនសហរដ្ឋអាមេរិក នៅអាកាសយានដ្ឋានអន្តរជាតិ Washington Dulles ។

បុគ្គលិកអនុវត្តច្បាប់ របស់សហរដ្ឋអាមេរិក បានសួរម្តងហើយម្តងទៀត អំពីសាវតានយោបាយ និងការស្រាវជ្រាវសិក្សារបស់និស្សិត ហើយបានស្នើឱ្យពួកគេផ្តល់ព័ត៌មានផ្ទៃក្នុង របស់រដ្ឋាភិបាលចិន ដើម្បីដោះលែង។

បន្ទាប់ពីត្រូវបានបដិសេធ ភ្នាក់ងារអនុវត្តច្បាប់ របស់សហរដ្ឋអាមេរិក បានសម្រេចចិត្តលុបចោលទិដ្ឋាការរបស់ពួកគេ ហាមឃាត់ពួកគេមិនឱ្យ ចូលសហរដ្ឋអាមេរិក និងបង្ខំឱ្យនិរទេសនិស្សិត ។

លោកបានលើកឡើងថា សហរដ្ឋអាមេរិកបានបៀតបៀន សួរចម្លើយ និងនិរទេសនិស្សិតចិន ដែលចូលមកក្នុងសហរដ្ឋអាមេរិកជាញឹកញយ ក្នុងគោលបំណងនយោបាយមួយរយៈឥឡូវនេះ។

ព័ត៌មានដែលអាចរកបានបង្ហាញថា នៅអាកាសយានដ្ឋាន អន្តរជាតិ Washington Dulles តែម្នាក់ឯង និស្សិតចិន យ៉ាងតិច ៨នាក់ដែលមានលិខិត អនុញ្ញាតធ្វើដំណើរស្របច្បាប់ និងត្រឹមត្រូវ ត្រូវបានភាគីអាមេរិកបៀតបៀន សួរចម្លើយ និងនិរទេសដោយភាគីអាមេរិក ដោយហេតុផលគ្មានមូលដ្ឋាន ចាប់តាំងពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top