យូអិនៈ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវជាបន្ទាន់ សម្រាប់វិធានការកាត់បន្ថយ ភាពតានតឹងនៅក្នុងតំបន់ហ្គាហ្សា និងតំបន់ជិតខាងរបស់ខ្លួន។
មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បានប្រាប់កិច្ចប្រជុំគណៈកម្មាធិការ ស្តីពីការអនុវត្តសិទ្ធិមិនអាចកាត់ផ្តាច់ បានរបស់ប្រជាជនប៉ាឡេស្ទីនថា “ខ្ញុំអំពាវនាវឱ្យមានវិធានការបន្ទាន់ ដើម្បីបន្ថយស្ថានការណ៍ និងរំដោះតំបន់ពីអំពើហិង្សាបន្ថែមទៀត មុនពេលវាយឺតពេល” ។
អគ្គលេខាធិការរូបនេះបានលើកឡើងថា “នៅពេលដែលយើងស្វែងរក ដើម្បីដោះស្រាយតម្រូវការ កើនឡើងនៅក្នុងតំបន់ហ្គាហ្សា យើងក៏នៅតែផ្តោតទៅលើស្ថានភាព កាន់តែយ៉ាប់យ៉ឺននៅតំបន់វេសបែង ដែលកាន់កាប់ រួមទាំងក្រុងយេរ៉ូសាឡឹមខាងកើតផងដែរ”។
លោកបន្ដថា “ខ្ញុំមានការតក់ស្លុតយ៉ាងខ្លាំង ចំពោះអំពើហិង្សាកម្រិតខ្ពស់នៃ អ្នកតាំងលំនៅនៅតំបន់វេសបែង ដែលកាន់កាប់។ ការវាយប្រហាររបស់ប៉ាឡេស្ទីន ប្រឆាំងនឹងអ៊ីស្រាអែល ក៏នៅតែបន្តកើតមានផងដែរ”។
លោកបានបញ្ជាក់ថា “អំពើហិង្សាទាំងអស់នេះត្រូវតែបញ្ឈប់ ហើយជនល្មើសត្រូវទទួលខុសត្រូវ” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អគ្គលេខាធិការបានសរសើរ តួនាទីដ៏សំខាន់របស់គណៈកម្មាធិការ ចំពេលមានសំណួរអូសបន្លាយអំពីប៉ាឡេស្ទីន និងការកើនឡើងនៃអំពើហិង្សា ជាពិសេសត្រូវបានគូសបញ្ជាក់ ដោយការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ដោយក្រុមហាម៉ាស នៅអ៊ីស្រាអែល និងប្រតិបត្តិការយោធាបន្តរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា។
ដោយពណ៌នាអំពីផលវិបាក នៅតំបន់ហ្គាហ្សាថាជា “ស្លាកស្នាមលើមនុស្សជាតិ និងមនសិការរួមរបស់យើង” អគ្គលេខាធិការបានសម្ដែងការសោកស្ដាយ ចំពោះ “ការស្លាប់ ការបំផ្លិចបំផ្លាញ ការផ្លាស់ទីលំនៅ ការអត់ឃ្លាន ការបាត់បង់ និងទុក្ខព្រួយ” ក្នុងរយៈពេល ១២០ ថ្ងៃកន្លងមកនេះ៕
ប្រែសម្រួល ឈូក បូរ៉ា