ព្រុចសែល៖ លោក Josep Borrell តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី៣១ ខែមករាថា សហភាពអឺរ៉ុប នឹងខកខានគោលដៅ ក្នុងការបញ្ជូនគ្រាប់កាំភ្លើងធំមួយលានគ្រាប់ ទៅកាន់ប្រទេសអ៊ុយក្រែន ត្រឹមខែមីនា។
បន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការពារជាតិរបស់សហភាពអឺរ៉ុប លោក Borrell បានឲ្យដឹងថា “ការដកស្តុក និងលទ្ធកម្មបុគ្គល និងរួមគ្នា” សហភាពអឺរ៉ុប នឹងអាចចែកចាយបានត្រឹមតែ ៥២៤,០០០គ្រាប់ប៉ុណ្ណោះ ឬប្រហែល ៥២ ភាគរយនៃគោលបំណងត្រឹមខែមីនា។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានលើកឡើងថា នៅពេលដែលសមត្ថភាពផលិតកម្មកើនឡើង សហភាពអឺរ៉ុប នឹងអាចផ្តល់ទៅឱ្យអ៊ុយក្រែនច្រើនជាង ១លានគ្រាប់នៅចុងឆ្នាំនេះ។
កាលពីឆ្នាំមុន រដ្ឋជាសមាជិកសហភាពអឺរ៉ុបបានសន្យាផ្គត់ផ្គង់អ៊ុយក្រែននូវគ្រាប់ផ្លោងចំនួន ១ លានគ្រាប់ ជាប្រភេទគ្រាប់ ១៥៥មីលីម៉ែត្រត្រឹមខែមីនា ឆ្នាំ២០២៤ ខណៈដែលជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី បន្ដអូសបន្លាយ។
លោក Borrell បានបម្ដថា សមត្ថភាពផលិតរបស់អឺរ៉ុបបានកើនឡើង ៤០ភាគរយចាប់តាំងពីប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយវានឹងកើនឡើងដល់ ១,៤លាននៅចុងឆ្នាំ២០២៤៕ ប្រែសម្រួល ឈូក បូរ៉ា