ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ព្រមានប្រឆាំង នឹងការជ្រៀតជ្រែក របស់ភាគីទីបី នៅក្នុងទំនាក់ទំនងរវាងទីក្រុងតេអេរ៉ង់-រីយ៉ាដ

តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ (ISNA) បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ង់ លោក Ahmad Vahidi បានឲ្យដឹងថា អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត មិនគួរអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីភាគីទីបី ដែលមានគោលបំណងបង្អាក់ទំនាក់ទំនងទ្វេភាគីរបស់ពួកគេនោះទេ។

លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅអ៊ីរ៉ង់ លោក Abdullah bin Saud al-Anzi កាលពីថ្ងៃអង្គារ ខណៈពេលកំពុងពិភាក្សាលម្អិតអំពីស្ថានភាពនៃទំនាក់ទំនងទ្វេភាគី។

លោក Vahidi បានលើកឡើងថា “ភាគីខ្លះស្វែងរកការជ្រៀតជ្រែកក្នុងទំនាក់ទំនងរវាងទីក្រុងតេអេរ៉ង់-រីយ៉ាដ ដែលមិនគួរត្រូវបានអនុញ្ញាត” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានបន្ថែមថាកិច្ចសហប្រតិបត្តិការក្នុងន័យស្ថាបនា និងអន្តរកម្មរវាងប្រទេសអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត នឹងជាផលប្រយោជន៍របស់ពិភពលោកមូស្លីម និងតំបន់ទាំងមូល ដោយកត់សម្គាល់ថា ប្រទេសទាំងពីរ ប្តេជ្ញាធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីទាំងអស់។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ង់ បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងមន្ត្រីអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ដើម្បីដោះស្រាយបញ្ហាសន្តិសុខ រួមទាំងការគំរាមកំហែងភេរវកម្ម ដោយសង្កត់ធ្ងន់ថា ការអភិវឌ្ឍន៍ និងសន្តិសុខរបស់ប្រទេសទាំងពីរមានទំនាក់ទំនងគ្នាទៅវិញទៅមក៕ ប្រែសម្រួល ឈូក បូរ៉ា

To Top