បរទេស៖ គណបក្សសាធារណរដ្ឋនៅក្នុងសភាអាមេរិកបានរិះគន់អ៊ុយក្រែនបន្ទាប់ពីសេវាសន្តិសុខរបស់អ៊ុយក្រែន (SBU) បានរកឃើញពីគម្រោងការកេងបន្លំដែលមន្ត្រីកំពូលពាក់ព័ន្ធ។ ការរិះគន់នេះកើតឡើងនៅពេលដែលទីក្រុងគៀវព្យាយាមដើម្បីទទួលបានមូលនិធិបន្ថែមពីអ្នកគាំទ្ររបស់ខ្លួនសម្រាប់ជម្លោះជាមួយរុស្ស៊ី បើទោះបីជាមានការស្ទាក់ស្ទើរកាន់តែខ្លាំងឡើងនៅក្នុងប្រទេសលោកខាងលិចក៏ដោយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា SBU បានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួនបានរកឃើញគម្រោងការកេងបន្លំដ៏ធំមួយដែលពាក់ព័ន្ធនឹងមន្ត្រីក្រសួងការពារជាតិជាន់ខ្ពស់ និងក្រុមហ៊ុនផលិតអាវុធឯកជនមួយ។ យោងតាមសេវាសន្តិសុខនេះបានឱ្យដឹងថា ជនសង្ស័យចំនួន ៥នាក់បានប៉ុនប៉ងលួចលុយ ១,៥ ពាន់លាន hryvnia (ប្រហែល ៣៩,៦លានដុល្លារ) នៅក្នុងមូលនិធិរដ្ឋដែលមានបំណងសម្រាប់គ្រាប់កាំភ្លើងត្បាល់សម្រាប់កងទ័ពអ៊ុយក្រែន។
ការប្រកាសនេះធ្វើឡើងនៅពេលដែលគណបក្សសាធារណរដ្ឋក្នុងសភាអាមេរិកបានជំរុញប្រឆាំងនឹងកិច្ចប្រឹងប្រែងរបស់លោកប្រធានាធិបតី Joe Biden ក្នុងការបញ្ជូនកញ្ចប់ជំនួយចំនួន ៦០ ពាន់លានដុល្លារបន្ថែមទៀតទៅឱ្យអ៊ុយក្រែន។
កាលពីថ្ងៃពុធ ទស្សនាវដ្ដីអភិរក្សនិយមអាមេរិក (TAC) បានចេញផ្សាយអត្ថបទមួយដែលសមាជិកសភាមួយចំនួនត្រូវបានស្នើឲ្យធ្វើអត្ថាធិប្បាយលើបញ្ហានេះ៕
ប្រែសម្រួលៈ ណៃ តុលា