ព័ត៌មានអន្តរជាតិ

មន្រ្តីជាន់ខ្ពស់ម្នាក់ របស់កងទ័ពអាកាសអ៊ុយក្រែន ហៅយន្តហោះចម្បាំងរបស់អូស្រ្តាលី ថាជា សំរាមកំពុងហោះ

រូបភាពពី៖​ RT News

បរទេស៖ មន្ត្រីជាន់ខ្ពស់កងទ័ពអាកាសអ៊ុយក្រែន បានច្រានចោលការបរិច្ចាគរបស់យន្តហោះទម្លាក់គ្រាប់បែកអូស្ត្រាលី ដោយហៅយន្តហោះទាំងនោះថាជា “សំរាមដែលកំពុងហោះហើរ” នេះបើយោង Australian Financial Review (AFR) ដែលបានរាយការណ៍ កាលពីថ្ងៃអង្គារ។ ទោះជាយ៉ាងណាក៏ដោយ ក្រោយមកទីក្រុងគៀវ បានប្ដូរចិត្ត ហើយសុំយន្តហោះប៉ុន្មានខែក្រោយមក ប៉ុន្តែយន្តហោះ គឺត្រូវបានគេកម្ទេចចោលបាត់ទៅហើយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា គំនិតនៃការប្រគល់យន្តហោះចម្បាំង F/A-18 Hornet ដែលឈប់ប្រើប្រាស់របស់កងទ័ពអាកាសអូស្រ្តាលី ចំនួន ៤១ គ្រឿង ត្រូវបានចាប់ផ្តើមជាលើកដំបូងកាលពីខែមីនាឆ្នាំមុន។ ពីរខែក្រោយមកនៅឯកិច្ចប្រជុំកំពូល G7 នៅប្រទេសជប៉ុន ប្រធានាធិបតីអាមេរិកលោក Joe Biden បានផ្តល់ភ្លើងខៀវដល់សម្ព័ន្ធមិត្តលោកខាងលិចក្នុងការបញ្ជូនយន្តហោះចម្បាំងជំនាន់ទី ៤ ដែលផលិតដោយអាមេរិកទៅកាន់អ៊ុយក្រែន។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅពេលដែលក្រុងគៀវត្រូវបានលើកទឹកចិត្តឱ្យធ្វើសំណើជាផ្លូវការសម្រាប់យន្តហោះអូស្ត្រាលី ស្រាប់តែមន្ត្រីកងទ័ពអាកាសអ៊ុយក្រែនដែលមិនបញ្ចេញឈ្មោះបានច្រានចោលចំពោះយន្តហោះទាំងនោះ និងថែមទាំងថា ជាសំរាមដែលទីក្រុងកង់បេរ៉ាចង់ផ្ទេរចេញនោះ, នេះបើតាម AFR បានសរសេរដោយដកស្រង់សម្តីអ្នកម៉ៅការការពារដែលមានវត្តមានក្នុងអំឡុងពេលកិច្ចពិភាក្សា។

អ្នកម៉ៅការការពារបាននិយាយថា “គាត់ (មន្ត្រីកងទ័ពអាកាសអ៊ុយក្រែន) បានហៅយន្តហោះទាំងនោះថា “សំរាមហោះ” ។ “នោះជាមូលដ្ឋានបានសម្លាប់កិច្ចព្រមព្រៀង F/A-18 ។ បើគាត់មិនបាននិយាយបែបនោះទេ នោះយន្តហោះទាំងនោះ នឹងកំពុងហោះហើរលើអ៊ុយក្រែនឥឡូវនេះ បាត់ទៅហើយ»។

នៅពេលនោះ ទីក្រុងគៀវ បានចាប់ផ្តើមពិភាក្សារួចហើយជាមួយអ្នកឧបត្ថម្ភលោកខាងលិចមួយចំនួនអំពីការទទួលបាន យន្តហោះចម្បាំង F-16 Fighting Falcons ។ ប្រទេសន័រវេស ដាណឺម៉ាក និងហូឡង់បានស្នើរផ្តល់អំណោយរបស់ពួកគេមួយចំនួនដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី ខណៈដែលប្រទេសផ្សេងទៀតបានផ្តល់ការបណ្តុះបណ្តាលសម្រាប់អ្នកបើកយន្តហោះអ៊ុយក្រែន៕ ប្រែសម្រួលៈ ណៃ តុលា

To Top