ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ព្យាយាមគេចចេញពីសង្គ្រាម ផ្ទាល់ជាមួយនឹងសហរដ្ឋអាមេរិក

Xinhua

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei បានបញ្ជាឱ្យមន្ត្រីរបស់គាត់ជៀសវាង ការបង្កឱ្យទីក្រុងវ៉ាស៊ីនតោន ចូលទៅក្នុងសង្រ្គាមផ្ទាល់ ប៉ុន្តែត្រូវត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹង ការវាយប្រហារណាមួយដោយ សហរដ្ឋអាមេរិកលើដីអ៊ីរ៉ង់។

ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃចន្ទ មិនដល់២៤ម៉ោងឡើយ បន្ទាប់ពីក្រុមជីវពលមួយក្រុមដែលតម្រង់ជួរ ទៅនឹងប្រទេសនេះបានវាយប្រហារលើ ប៉ុស្តិ៍កងទ័ពអាមេរិកក្នុងប្រទេសហ្ស៊កដានី ដោយបានសម្លាប់ទាហានអាមេរិកបីនាក់ និងរាប់សិបនាក់ទៀតរងរបួស។

នៅក្នុងកិច្ចប្រជុំនោះ ក្រុមប្រឹក្សាដែលរួមមានប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi រដ្ឋមន្ត្រីការបរទេស Hossein Amir-Abdollahian និងប្រមុខយោធា បានពិភាក្សាគ្នាអំពីការឆ្លើយតប របស់សហរដ្ឋអាមេរិកចំពោះការវាយប្រហារនេះ កាសែត New York Times បានរាយការណ៍ដោយ ដកស្រង់ប្រភពអ៊ីរ៉ង់ចំនួនបី។

គួរឲ្យដឹងដែរថាបេសកជនអ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ លោក Amir Saeid Iravani បន្ទាប់មកបានចេញការព្រមានដល់សហរដ្ឋអាមេរិក។ លោក Iravani បាននិយាយថា៖ សាធារណរដ្ឋអ៊ីស្លាមនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការវាយប្រហារណាមួយមកលើស្រុក ផលប្រយោជន៍ និងជាតិរបស់ខ្លួនក្រោមលេសណាមួយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top