បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានការពារការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនាពេលថ្មីៗនេះ ដែលបានបណ្តាលឲ្យទាហានអាមេរិក៣នាក់ស្លាប់ ដោយលោកពន្យល់ថា ការវាយឆ្មក់តាមអាកាសបានកំណត់គោលដៅទៅលើក្រុមជីវពលនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដែលត្រូវបានចោទប្រកាន់ថា គាំទ្រដោយអ៊ីរ៉ង់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ លោក Biden បាននិយាយថា លោកផ្ទាល់បានបញ្ជាឱ្យមន្ទីរបញ្ចកោណឆ្លើយតបចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីចុងសប្តាហ៍មុនទៅលើមូលដ្ឋានយោធាអាមេរិក នៅប្រទេសហ្ស៊កដានី ។
លោកប្រធានាធិបតីបាននិយាយថា “នៅរសៀលនេះ តាមការណែនាំរបស់ខ្ញុំ កងកម្លាំងយោធាអាមេរិកបានវាយប្រហារគោលដៅនៅទីតាំងនានាក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដែល IRGC និងកងជីវពលដែលពាក់ព័ន្ធបានប្រើប្រាស់ដើម្បីវាយប្រហារកងកម្លាំងសហរដ្ឋអាមេរិក” ដោយសំដៅទៅលើកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់ទីក្រុង តេហេរ៉ង់ ដែលជាអង្គភាពយោធាពិសេស។
លោក Biden ថា «ការឆ្លើយតបរបស់យើងបានចាប់ផ្តើមនៅថ្ងៃនេះ ដោយបន្ថែមថាការវាយប្រហារសងសឹកនឹងបន្តនៅពេលវេលា និងកន្លែងដែលយើងជ្រើសរើស»។
ចំណែកប្រមុខការពារជាតិអាមេរិក លោក Lloyd Austin ក៏បានព្រមានថា ការវាយប្រហារចុងក្រោយនេះ គឺគ្រាន់តែជា “ការចាប់ផ្តើមនៃការឆ្លើយតបរបស់យើង” ដោយបន្ថែមថា “ប្រធានាធិបតីបានដឹកនាំសកម្មភាពបន្ថែម” ៕
ប្រែសម្រួលៈ ណៃ តុលា