វ៉ាស៊ីនតោន៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ថា កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមផ្លូវអាកាសដែលជាការសងសឹកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ប្រឆាំងនឹងគោលដៅ ជាង៨៥ ដែលមានទំនាក់ទំនងជាមួយនឹងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ហៅកាត់ថា (IRGC) និងកងជីវពល ដែលពួកគេ វិលត្រឡប់មកវិញ ដោយបានសម្លាប់យោធាអាមេរិក អស់ចំនួន៣នាក់ និងផ្សេងទៀតបានរងរបួស ប្រមាណជា៤០នាក់ ។
គួរបញ្ជាក់ថា ការវាយប្រហារនេះត្រូវបានគេជឿជាក់ថា គ្រាន់តែជាលើកទី១ប៉ុណ្ណោះនៅក្នុងការឆ្លើយតប ពហុកម្រិតដោយរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារកាលពីចុងសប្តាហ៍មុនដែលធ្វើឡើង ដោយក្រុមសកម្មប្រយុទ្ធ ដែលគាំទ្រ ដោយប្រទេសអ៊ីរ៉ង់ នោះ ។
ខណៈដែលការវាយប្រហារ របស់សហរដ្ឋអាមេរិក មិនបានកំណត់ទីតាំងណាមួយនៅក្នុងទឹកដីរបស់អ៊ីរ៉ង់នោះទេ ពួកគេទំនងជាបង្កើន ការព្រួយបារម្ភអំពីភាពតានតឹងដែលកំពុងកើនឡើងនៅឯមជ្ឈិមបូព៌ាដោយសារសង្គ្រាមរយៈពេលជាង៣ខែ របស់អ៊ីស្រាអ៊ែល ជាមួយក្រុមសកម្មប្រយុទ្ធ ហាម៉ាស់ប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សា ។
លោក បៃដិន បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការឆ្លើយតបរបស់យើងបាន ចាប់ផ្តើមនៅថ្ងៃនេះ។ វានឹងបន្តនៅពេលវេលា និងទីកន្លែងដែលយើងជ្រើសរើស” បន្ថែមទៀត ។ លោកបានសង្កត់ធ្ងន់ថា “សហរដ្ឋអាមេរិក មិនស្វែងរកជម្លោះនៅឯមជ្ឈិមបូព៌ា ឬកន្លែងណាផ្សេងទៀតនៅក្នុងពិភពលោកនោះទេ ។ ប៉ុន្តែសូមឱ្យអស់លោកអ្នកដែលចង់ធ្វើបាបយើងដឹងរឿងនេះ ប្រសិនបើអ្នកធ្វើបាបជនជាតិអាមេរិក យើងនឹងឆ្លើយតបវិញភ្លាមៗ” ៕ ដោយ៖ ម៉ៅ បុប្ផាមករា